ខេត្តកណ្តាល ៖
សាកសពបុរសម្នាក់ ត្រូវបានប្រជានេសាទ ប្រទះឃើញអណ្តែត តាមដងទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយតាមរយះលេខទូរស័ព្ទ
សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញសាច់ញាតិ និងស្គាល់អត្តសញ្ញាណជនរងគ្រោះ ភ្លាមៗតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសុខ វឌ្ឍនា អាយុ ៣២ឆ្នាំ មានទីលំនៅ ក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ ប្រជានេសាទឈ្មោះ ឡាក់ ជា អាយុ ៥៩ឆ្នាំ ពេលកំពុងបណ្តែតមង កណ្ដាលទន្លេ ក៏បានប្រទះឃើញសព ក៏ចងអូសទាញ មកដល់មាត់ច្រាំង ហើយបានឆែកឃើញ ទូរស័ពដៃចំនួន ៣គ្រឿង ក្នុងហោប៉ៅខោសព។
ឈ្មោះ ឡាក់ ជា បានដកស៊ីមមកដាក់ ក្នុងទូរស័ព្ទរបស់ខ្លួន ហើយហៅទៅរកលេខ ដែលមាននៅក្នុងស៊ីម ក៏មានបងប្អូនបានស្គាល់ អត្តសញ្ញាណតែម្តង។ តាមការពិនិត្យ មន្ត្រីជំនាញ បានបញ្ជាក់ថា នៅលើសពមានឈាម ចេញតាមមាត់ ក្នុងមាត់គ្មានដី គ្មានទឹក ក្រចកដៃជើងគ្មានដី បាក់ក ភ្នែកបិទ ទាំងពីរ ក្បាលជង្គង់ខាងស្ដាំ ហើមជាំខ្មៅ ស្នាមជាំសន្លាក់ដៃខាងស្ដាំ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ ត្រូវបានគេសម្លាប់ មិនមែនបណ្តាលមកពី គ្រោះថ្នាក់អ្វីផ្សេងនោះទេ ហើយក្រោយពេលពិនិត្យរួច សពជនរងគ្រោះ ត្រូវបានបានប្រគល់ ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕