ភ្នំពេញ ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈចូលទៅទិញបារី ហើយបន្លំលួចលុយចេញពីក្នុងទូរបារី ម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះលេខ៥GD ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វិសាល អាយុ២៤ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានមកដើរលេងក្នុងរាជធានីភ្នំពេញ ហើយចូលធ្វើជាទិញបារី រួចបន្លំលួចលុយអ្នកលក់ចំនួន១០ដុល្លារ ត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។
តាមប្រភពព័ត៌មានជុំវិញការឃាត់ខ្លួនយុវជនខាងលើនេះ បានឲ្យដឹងថា ដំបូងឡើយរូបគេ បានចូលទៅកាន់ផ្ទះកើតហេតុដែលជាផ្ទះលក់ដូរចាប់ហួយ រួចធ្វើលេសទៅទិញបារីជក់ ខណៈនោះម្ចាស់ផ្ទះកំពុង រកសោរចាក់យកបារីលក់ឲ្យ ដោយដាក់លុយ១០ដុល្លារនៅក្នុងទូរ មួយភ្លែតមិនទាន់យកទុកដាក់ដោយសារជាលុយដែលភ្ញៀវទើបនិងទិញរបស់របរហើយ ជាហេតុធ្វើឲ្យឈ្មោះវិសាល បន្លំយកលុយ១០ដុល្លារ ដាក់ហោប៉ាវ ធ្វើព្រងើយ តែត្រូវម្ចាស់ផ្ទះឃើញទាន់ក៏ចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់តែម្តង ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះវិសាល បានសារភាពថា ខ្លួនពិតជាបានលួចលុយគេ១០ដុល្លារប្រាកដមែន។
យោងតាមចម្លើយសារភាពនិងពាក្យបណ្តឹងរបស់ម្ចាស់លុយ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនឈ្មោះ វិសាល ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការបន្តរតាមច្បាប់ ៕