ខេត្តកំពត ៖
បុរសប្រមឹកម្នាក់ ដែលពោរពេញដោយភ្លើងប្រចណ្ឌ បានទាញកាំបិតដេញកាប់ប្រពន្ធ តែសំណាងល្អ នាងបានរត់ចូលផ្ទះអ្នកជិតខាង ឲ្យជួយអន្តរាគមន៍បានទាន់ពេលវេលា ហើយដោយសារខឹងសម្បា ធ្វើអ្វីប្រពន្ធមិនបាន ក៏
សម្រេចចិត្តដុតផ្ទះមួយខ្នង ធ្វើអំពីឈើ ដំបូលប្រក់សង្កសី បណ្តាលឲ្យឆាបឆេះ ក្លាយជាផេះផង់ កាលពីវេលាម៉ោង ១៨និង៣០ នាទីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិតាអង្គ សង្កាត់ត្រើយកៅ ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យនេះ បង្កដោយបុរសម្នាក់ បន្ទាប់ពីផឹកស៊ីស្រវឹង បាន រករឿងឈ្លោះជាមួយប្រពន្ធ ដោយសារតែប្រពន្ធធ្វើការ នៅខារ៉ាអូខេ ទើបកើតជារឿងប្រចណ្ឌ។ ជនសង្ស័យប្រមឹកនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ កែវ រ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំ ជាកម្មករទូកនេសាទ មានប្រពន្ធឈ្មោះ ណុប សុខរីណា បម្រើការងារ នៅភោជនីយដ្ឋាន ណាយស្តារ មានកូន ២នាក់ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកៅ ក្រុងកំពត ខេត្តកំពត។
មុនពេលកើតហេតុ បុរសជាប្តីបានទៅទិញ ទឹកត្នោតជូរយកមកផឹកស្រវឹង នៅខាងក្រោមផ្ទះ ហើយបានហាមប្រពន្ធ មិនឲ្យទៅធ្វើការជាស្រីបម្រើ ខារ៉ាឣូខេ ប៉ុន្តែស្ត្រីជាប្រពន្ធប្រកែក ក៏កើតជារឿងជម្លោះ ទើបបុរសជាប្តីទាញកាំបិត ដេញកាប់ប្រពន្ធ ផ្ឣើលឣ្នកជិតខាង។ ស្ត្រីជាប្រពន្ធ បានសម្ងំលាក់ខ្លួន នៅផ្ទះឣ្នកជិតខាង មិនទាន់ហ៊ាន ត្រឡប់មកផ្ទះវិញទេ ទើបបុរសជាប្តី កាន់តែមានកំហឹង និងដុតផ្ទះចោលតែម្តង៕