ខេត្តបន្ទាយមានជ័យ ៖
ដោយសារខឹងបងប្អូន មិនបបួលទៅលេងក្រុងបាងកក ប្រទេសថៃ ស្ត្រីម្នាក់បានគិតខ្លីសម្រេចចិត្ត លេបថ្នាំបញ្ចប់ជីវិត ស្លាប់ចោលប្តីនិងកូនតូចៗ ឲ្យនៅកំព្រារហង់ នៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤
នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលគិតខ្លីលេបថ្នាំ សម្លាប់ខ្លួនមានឈ្មោះ វែង លីសៀន អាយុ ៣២ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានប្តីឈ្មោះ សួរ ប៊ុនលេង អាយុ ២៦ឆ្នាំ ជាអ្នកបើកបររថយន្តដឹកដី មានកូន ២នាក់ ស្រីម្នាក់។ បុរសជាប្តីបានអោយដឹងថា កាលពី ២ទៅ៣ ថ្ងៃមុន បងប្អូនខាងប្រពន្ធ បានបបួលទៅលេងបាងកក ប្រទេសថៃ តែនៅពេលដែលបងប្អូនទៅ មិនបានប្រាប់ នាំឲ្យស្ត្រីរងគ្រោះខឹង មិននិយាយស្តី ។
មុនពេលកើតហេតុ បុរសជាប្តីបានទៅ បើកបររថយន្តដឹកដី លុះមកដល់ផ្ទះវិញ នៅម៉ោង ៩យប់ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៤ បានឃើញប្រពន្ធប្រកាច់ បែកពពុះមាត់ ក៏សួរទៅប្រពន្ធ ហើយស្ត្រីរងគ្រោះ បានប្រាប់ទាំងខ្សាវៗថា គាត់បានលេបថ្នាំ។ បុរសជាប្តីបាននាំប្រពន្ធ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ហើយគ្រូពេទ្យបានលាងក្រពះ តាមជំនាញ តែថ្នាំបានជ្រាប ពេញខ្លួន បណ្តាលឲ្យស្តូកស្តឹង រហូតដល់ម៉ោង ៤ទៀបភ្លឺថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤ បានស្លាប់បាត់បង់អាយុជីវិត ចោលប្តីនិងកូនៗឲ្យនៅកំព្រា៕