រាជធានីភ្នំពេញ ៖
ស្រីស្រស់វ័យក្មេងមុខមាត់ស្អាតបាត តែមានសតិមិនប្រក្រតី ពាក់តែអាវអត់ស្លៀកខោ បានឈរតាមផ្លូវបញ្ជាយានយន្ត និងបានយកដំបង ចាំវាយកញ្ចក់រថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី៩
ខែកុម្ភៈ ឆ្នាំ២០១៤ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ខាងលិចព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋបានឲ្យដឹងថា រយៈពេល ៣ថ្ងៃជាប់គ្នាមកហើយ ដែលនារីរូបស្រស់ម្នាក់ ឈរធ្វើចរាចរណ៍ នៅតាមផ្លូវលេខ២០០៤ ផ្លូវលេខ២០០២ និងមហាវិថីសហព័ន្ធរុស្ស៊ី ធ្វើឲ្យសមត្ថកិច្ចឈឺក្បាល ដេញតាមចាប់ជារៀងរាល់ថ្ងៃ ដោយសារតែនាង កាន់ដំបងចាំវាយបំបែក កញ្ចក់រថយន្ត ដែលធ្វើដំណើរតាមផ្លូវ ហើយជួនកាលឈរ ចាំទាញកន្ទុយម៉ូតូ ធ្វើឲ្យអ្នកដំណើរ ភ័យគ្រប់គ្នា។
រហូតដល់ព្រឹកថ្ងៃទី៩ ខែកុម្ភៈ នាងបានពាក់អាវវែងត្រឹមភ្លៅ ឈរចាំទាញម៉ូតូ ឃើញបែបនេះសមត្ថកិច្ច បានឡោមព័ទ្ធចាប់ ចងដៃចងជើង ទើបដឹងថា នាងអត់មានស្លៀកខោទេ គឺពាក់តែអាវ។ ឃើញបែបនេះ អ្នកជិតខាងបានយកខោ មកស្លៀកឲ្យរួចរាល់ហើយ ទើបសមត្ថកិច្ចឃាត់ខ្លួន យកទៅដាក់នៅ សាលាខណ្ឌពោធិ៍សែនជ័យ ។ ក្រោយការឃាត់ខ្លួន មិនឃើញ សាច់ញាតិ ទៅទទួលយកនាងនោះទេ មិនដឹងជាគិតយ៉ាងណា ព្រោះនាងបានអុកឡុក រំខានអ្នកដំណើរ តាមផ្លូវរាល់ថ្ងៃ៕