ខេត្តរតនគិរី ៖
ជនរងគ្រោះ ២ នាក់ប្តីប្រពន្ធ បានស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បង្កឡើងដោយរថយន្តយីឌុប បើកបុកម៉ូតូសង់កូរ៉េ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវ ចុះចំណោត
ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ហើយបន្ទាប់ពីបុកជនរងគ្រោះ រថយន្តក៏ជ្រុលទៅមុខ ក្រឡាប់ផ្ងារជើង ចាក់ដំឡូងមីចោលពេញផ្លូវ ចំណែកម៉ូតូខ្ទេចទាំងស្រុង ។
សាក្សីបាននិយាយថា រថយន្តបង្ក ម៉ាកយីឌុប ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-7717 ដឹកដំឡូងមីពេញ ធ្វើដំណើរក្នុងទិសដៅ ពីកើតមកលិច ចុះពីលើចំណោតផ្លូវ បានជ្រុលទៅបុក ម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ រតនគិរី 1A -9322 ដែលកំពុងជិះ ដោយប្ដីប្រពន្ធ ២នាក់ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យស្ត្រីជាប្រពន្ធ ធ្លាយពោះវៀនមកក្រៅ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរសជាប្ដី រងរបួសធ្ងន់ និងបានស្លាប់ ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី៕