រាជធានីភ្នំពេញ ៖
ស្ត្រីម្នាក់ដែលតែងតែ ដើរបោកប្រាស់ប្រជាពលរដ្ឋ យកលុយពីហាងមួយទៅហាងមួយ ដោយកុហកថា នឹងនាំនារីក្មេងៗស្រស់ស្អាតបម្រើ ក្នុងហាងខារ៉ាអូខេ មកធ្វើការជាមួយ ដើម្បីទាក់ទាញភ្ញៀវ ចុងក្រោយអស់លក្ខណ៍ ត្រូវ
ជនរងគ្រោះ ប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ៨និង១០ យប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងហាងយីហោ សម្បត្តិពេជ្រតាតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
នារីសង្ស័យមិនត្រូវបាន ស្គាល់អត្តសញ្ញាណទេ អាយុជាង ២០ឆ្នាំ ស្លៀកឈុតរ៉ូប ពណ៌ក្រហម ចំណែកម្ចាស់ហាង មានឈ្មោះ ទូច ស្នាក់នៅផ្ទះជួល ក្នុងហាងខាងលើ មានស្រុកកំណើត នៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ នារីសង្ស័យធ្លាប់បាន ប្រព្រឹត្តបែបនេះ ៣-៤ ហាងមកហើយ លុះមកដល់ថ្ងៃកើតហេតុ ត្រូវម្ចាស់ហាងចាប់ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ម្ចាស់ហាងសម្បត្តិពេជ្រ បានឲ្យដឹងថា មុនពេលកើតហេតុ នារីសង្ស័យធ្លាប់បាន ដើរបោកប្រាស់ យកលុយតាមហាងផ្សេងៗ ជាច្រើនមកហើយ ដោយសន្យាថា នឹងនាំនារីចូលមក បម្រើការងារនៅក្នុងហាង ប៉ុន្តែនៅពេលដែលនារីសង្ស័យ បានទទួលលុយពីម្ចាស់ហាង ក៏តែងតែគេចខ្លួនបាត់ស្រមោល ។ លុះមកដល់ថ្ងៃកើតហេតុ នារីសង្ស័យ បានបោកប្រាស់ ម្ចាស់ហាងខាងលើ តែត្រូវម្ចាស់ហាងដឹងទាន់ ក៏ឃាត់ខ្លួនឲ្យសមត្ថកិច្ច តែនាងបានបដិសេធ ហើយដោយសារ រញ៉េរញ៉ៃខ្លាំងពេក សមត្ថកិច្ចបានឲ្យ ទៅផ្ទះវិញរៀងៗខ្លួន៕