រាជធានីភ្នំពេញ ៖
មន្ត្រីក្រសួងកិច្ចការនារី រាជធានីភ្នំពេញ បានចាប់ផ្តើមបើកវេទិកា អប់រំផ្សព្វផ្សាយអំពី ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ តាមសាលារៀនមួយចំនួន នៅរាជធានីភ្នំពេញ ដើម្បីបង្កើនការយល់ដឹង សំដៅឲ្យមានការ កែប្រែឥរិយាបថ
និងការភាន់ច្រឡំ របស់យុវជន យុវតីខ្មែរ កុំឲ្យនាំគ្នាសប្បាយភ្លើតភ្លើន ឈានដល់ការរួមភេទ ដោយប្រថុយប្រថាន ឬការបូចាព្រហ្មចារី នៅក្នុងថ្ងៃ បុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ។
គោលបំណងនៃការរៀបចំ ឲ្យមានវេទិកាអប់រំ និយាយអំពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ នៅតាមបណ្តាសាលារៀននៅពេលនេះ គឺដើម្បីធ្វើការទប់ស្កាត់ទៅលើ សកម្មភាពអវិជ្ជមានផ្សេងៗ របស់យុវវ័យ ដែលតែងតែយល់ច្រឡំថា ថ្ងៃទី១៤ កុម្ភៈ គឺជាថ្ងៃបុណ្យសង្សារ ដែលជាថ្ងៃយុវវ័យ ត្រូវបង្ហាញភាពស្មោះត្រង់ ភក្តីឲ្យគ្នាទៅវិញទៅមក រហូតឈានដល់ការលះបង់ខ្លួនប្រាណផងដែរ។
មានការសង្កេតជាទូទៅថា នៅថ្ងៃ ទី១៤ ខែ កុម្ភៈ ក្មេងៗចូលចិត្តនៅផ្តុំគ្នា តាមសាលារៀន ខ្លះមានកាន់បាច់ផ្កា ហើយមានយុវតីភាគច្រើន តែងចាញ់បោក ការលួងលោមរបស់យុវជនខិលខូច នៅក្នុងថ្ងៃនោះផងដែរ។ ដូច្នេះសូមយុវវ័យទាំងអស់ គិតពិចារណាឡើងវិញ ព្រោះថា ថ្ងៃទី១៤ កុម្ភៈ មិនមែនជា ថ្ងៃបុណ្យសង្សារ ដែលត្រូវលះបង់ខ្លួនប្រាណ រំលងប្រពៃណីនោះទេ៕