ខេត្តកណ្តាល ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយនគរបាលស្រុកកោះធំ ឃាត់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិព្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី បន្ទាប់ពីបុរសខាងលើនេះបានព្យាយាមរំលោភទៅលើកម្មសិទ្ធិដីធ្លី និងធ្វើឲ្យខូចខាតផលដំណាំរបស់ម្ចាស់ដី ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ វិន យ៉ាំងយី ហៅង្វៀង យ៉ាំងតាយ ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិវៀតណាម មានស្រុកកំណើតនៅភូមិសាតូ ឃុំខាន់ប៊ិន ស្រុកអាំងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅក្នុងភូមិព្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកឯដើមបណ្តឹងមានឈ្មោះ សារ៉ន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា រយៈពេលកន្លងមកដើមបណ្តឹងឈ្មោះ សារ៉ន បានជួលដីចំការមួយកន្លែងស្ថិតក្នុងភូមិព្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ឲ្យទៅឈ្មោះ វិន យ៉ាំងយី ហៅង្វៀង យ៉ាំងតាយ ធ្វើស្រែចម្ការ ។ លុះមកដល់មុនពេលកើតហេតុប៉ុន្មានខែ ម្ចាស់ដីក៏បានបញ្ឃប់ការជួលដីឲ្យទៅជនសង្ស័យធ្វើស្រែចម្ការបន្តទៀត តែជនសង្ស័យមិនបានបញ្ឈប់សកម្មភាពរបស់ខ្លួនទេ បើទោះបីជាម្ចាស់ដីប្តឹងឲ្យអាជ្ញាធរមូលដ្ឋានធ្វើការដោះស្រាយយ៉ាងណាក៍ដោយ ។ មិនតែប៉ុណ្ណោះ ជនសង្ស័យបានព្យាយាមធ្វើចម្ការ និងកាប់បំផ្លាញដើមស្វាយរបស់ម្ចាស់ដីចោលថែមទៀត បំពានកិច្ចសន្យារបស់អាជ្ញាធរមូលដ្ឋានទៀតផង ។
ប្រភពដដែលបានបន្តថា ដោយឃើញទង្វើលបំពានរបស់ជនសង្ស័យយ៉ាងដូច្នេះ ម្ចាស់ដីក៏បានដាក់ពាក្យបណ្តឹងចូលសមត្ថកិច្ចនគរបាល ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ ។
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី ៕