ខេត្តកំពង់ឆ្នាំង ៖
យ៉ាងហោចណាស់ បុរសម្នាក់បានស្លាប់ និងអ្នកដំណើរប្រុសស្រី ៤ នាក់ទៀត បានរងរបួសធ្ងន់ស្រាល ដោយសារម៉ូតូ ២គ្រឿងបានបោលបុកគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១១និង៣០ នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ
ឆ្នាំ២០១៤ នៅតាមផ្លូវលំ ក្នុងភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ ម៉ូតូស៊ុយហ្ស៊ុយគី ស្មាស់វី អត់ស្លាកលេខ បើកក្នុងទិសដៅ ពីកើតទៅលិច ដែលមានជិះឌុបគ្នា ៣ នាក់ ក្នុងល្បឿនលឿន និងមានដីហុយផងនោះ បណ្តាលអោយបុក ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ឌុបគ្នា ២នាក់ ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា ពេញមួយទំហឹងតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកតាមគោយន្ត មកសង្គ្រោះនៅមន្ទីពេទ្យបង្អែក ស្រុកបរិបូរណ៍ ប៉ុន្តែបុរសរងគ្រោះម្នាក់ ឈ្មោះ អឿ សំអាន អាយុ ២៥ឆ្នាំ រស់ឃុំផ្សារស្រុកបរិបូរណ៍ បានស្លាប់នៅតាមផ្លូវ និងបុរសរងគ្រោះម្នាក់ទៀត ឈ្មោះ អុល សំអាត អាយុ ២៤ឆ្នាំ រស់នៅក្នុង ភូមិឃុំជាមួយគ្នា ត្រូវបានគេបញ្ជូនបន្ត មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។
ដោយឡែក ជនរងគ្រោះ ៣ នាក់ទៀត ដែលរងរបួសស្រាល ១-ឈ្មោះ ស៊ន សុខា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ២-ឈ្មោះ អុល សំអាង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ក្នុងឃុំផ្សារ ស្រុបរិបូរណ៌ និង ៣ -ឈ្មោះ សុទ្ធ សឿង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ក្នុងឃុំជាមួយគ្នា៕