ខេត្តកណ្តាល ៖ ករណីស្លាប់ទាំងម្ដាយនិងកូនពេលទៅឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែក ស្រុកស្អាង
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ រហូតមកដល់ថ្ងៃទី១៦ ខែមករា
ឆ្នាំ២០១៤នេះ ខាងក្រុមគ្រួសារជនរងគ្រោះនៅមិនព្រមទទួលសំណងពីបុគ្គលិក មន្ទីរពេទ្យបង្អែកស្រុកស្អាងទេ ដោយបានបន្តដាក់ពាក្យបណ្តឹងទៅតុលាការបន្តទៀត ដើម្បីជួយរកយុត្តិធម៌ បើទោះជាខាងបុគ្គលិកពេទ្យបានព្យាយាមសម្របសម្រួលជាមួយគ្រួសាររង គ្រោះសងសំណងដើម្បីបញ្ចប់រឿងយ៉ាងណាក៏ដោយ។
លោក ស្រ៊ន ស្រ៊ាង ប្ដីស្ដ្រីរងគ្រោះបានអះអាងប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តអោយ ដឹងថា
រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ រូបគាត់មិនព្រមទទួលសំណងពីបុគ្គលិកមន្ទីរពេទ្យបង្អែកស្រុកស្អាង ចំនួន៦លានរៀលនោះទេ ហើយបានបន្តអោយឪពុកមាគាត់ដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកណ្តាល បន្តទៀត
ព្រោះប្រពន្ធនិងកូនគាត់បានស្លាប់ ដោយសារតែការធ្វេសប្រហេសរបស់គ្រូពេទ្យ
។
កន្លងមក អ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្អាងបានរិះគន់ យ៉ាងខ្លាំង ដោយសារតែបុគ្គលិកនៅប្រចាំការទីនោះមិនសូវយកចិត្តទុកដាក់ក្នុងការ ព្យាបាល
ព្រោះគ្រូពេទ្យភាគច្រើនបានបើកគ្លីនិកតាមផ្ទះរៀងៗខ្លួន ទើបពុំសូវមានថ្នាំសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយនៅពេលដែលអ្នកជំងឺទៅពិនិត្យរួច គ្រូពេទ្យទាំងនោះគ្រាន់តែចេញវេជ្ជបញ្ជាអោយទៅទិញថ្នាំនៅគ្លីនិក របស់ខ្លួន
ដើម្បីកេងចំណេញតែប៉ុណ្ណោះ។
គួរ
បញ្ជាក់ថា ស្ដ្រីដែលឆ្លងទន្លេហើយបានស្លាប់ទាំងម្ដាយនិងកូននោះមានឈ្មោះ សាន សារុំ
អាយុ៣៧ ឆ្នាំ និងប្ដីឈ្មោះ ស្រ៊ន ស្រ៊ាង អាយុ៤០ឆ្នាំ
មានទីលំនៅភូមិ-ឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល ។
លោក ស្រ៊ន ស្រ៊ាង បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៦ព្រឹក
ថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០១៣ ប្រពន្ធរបស់គាត់បានឈឺពោះឆ្លងទន្លេ គាត់ក៏បានដឹកមកកាន់មន្ទីរពេទ្យបង្អែករហូតដល់ម៉ោង៩ព្រឹក គ្រូពេទ្យនិយាយថា
ប្រពន្ធរបស់គាត់ឆ្លងទន្លេមិនរួច ទើបក្រុមគ្រូពេទ្យបានរកវិធីបូម
។
លោកបន្ដ ថា ពេលក្រុមគ្រូពេទ្យបូមយកកូនចេញ ប្រពន្ធរបស់គាត់បានធ្លាក់ឈាមកាន់តែខ្លាំងឡើងៗ បណ្ដាលឱ្យកូនបានស្លាប់នៅក្នុងពោះ រួចក្រុមគ្រូពេទ្យប្រហែលជាពុំមានលទ្ធភាពសង្គ្រោះ ឬក៏សម្រាលខុសបច្ចេកទេសបែបណានោះ ក៏តម្រូវឱ្យរថយន្ដសង្គ្រោះបន្ទាន់ដឹកប្រពន្ធរបស់គាត់ទៅមន្ទីរ មន្ទីរពេទ្យជប៉ុននៅរាជធានីភ្នំពេញ
។ ប៉ុន្ដែឈាមហូរកាន់តែខ្លាំងទៅៗ ក្រុមគ្រូពេទ្យក៏បានសម្រេចចូលទៅមន្ទីរពេទ្យជ័យជម្នះ
ខេត្ដកណ្ដាល ។ ក្រោយមកក្រុមគ្រូពេទ្យនៅទីនោះបានបញ្ជាក់ថា ភរិយារបស់គាត់បានស្លាប់បាត់ទៅហើយ
។
លោក ស្រ៊ន ស្រ៊ាង បាននិយាយដោយក្ដុកក្ដួលថា បន្ទាប់ពីក្រុមគ្រូពេទ្យប្រាប់ថា
ប្រពន្ធរបស់លោកបានស្លាប់ភ្លាម រថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកស្អាងមិនអើពើ យកចិត្ដទុកដាក់ក្នុងការដឹកសាកសពទៅកាន់ស្រុកកំណើតទេ ទើបរូបគាត់បង្ខំចិត្ដខ្ចីបុលអ្នកជិតខាងបានចំនួន៨០ដុល្លារ ដើម្បីជួលមន្ទីរពេទ្យជ័យជម្នះដឹកសាកសពប្រពន្ធយកទៅធ្វើបុណ្យនៅ ស្រុកកំណើត ។
សូម
បញ្ជាក់ផងដែរថា កន្លងមក លោក លាង ជីវអាន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្អាងបានប្រាប់អ្នកយកព័ត៌មានកាសែត នគរវត្តអោយដឹងថា លោកនិងបុគ្គលិកបានរៃអង្គាសប្រាក់បាន៦លានរៀលជួយដល់ក្រុមគ្រួសារ រងគ្រោះនោះដែរ
ដោយមើលឃើញពីការអាណិតអាសូរ តែប្តីស្ត្រីរងគ្រោះមិនព្រមក៏មិនធ្វើយ៉ាងម៉េចដែរ។ ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្អាងបានបញ្ជាក់ថា ខាងជនាញពេទ្យពុំមានខុសអ្វីនោះទេ គឺបានខិតខំជួយសង្គ្រោះដល់ស្ត្រីជនរងគ្រោះនោះយ៉ាងយកចិត្តទុក្ខ ដាក់បំផុត
តែដោយសារគាត់មានជំងឺច្រើនមុខ សុខភាពខ្សោយ និងធ្លាក់ឈាមច្រើនទើបបណ្តាលអោយស្ត្រីនោះស្លាប់ នៅគ្រាដែលគ្រូពេទ្យព្យាយាមបញ្ជួនជនរងគ្រោះដល់មន្ទីរពេទ្យ បង្អែកជ័យជំនះក្រុងតាខ្មៅ
៕