បញ្ហាជាប់គាំងនយោបាយនៅកម្ពុជា
កើតមានឡើងតាំងពីក្រោយការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពី
គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជា
បាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ ៥៥អាសនៈ
ដែលបក្សនេះមិនទទួលស្គាល់
ដោយសារភាពមិនប្រក្រតីជាច្រើនបានកើតឡើង។
បើទោះជាបញ្ហាទាំងនោះ
ត្រូវបានអ្នកនយោបាយស្វែងរកដំណោះស្រាយដោយប្រើយន្តការ ចរចា
ការសុំអន្តរាគមន៍ ពីព្រះមហាក្សត្រ និងចុងក្រោយ ការធ្វើបាតុកម្ម
ដោយមានអ្នកចូលរួមរាប់សែននាក់ ក៏ដោយ តែមកដល់ពេលនេះ
ដំណោះស្រាយជាក់លាក់នៅមិនទាន់មានផ្លែផ្កានៅឡើយ។
ដោយសារឃើញស្ថានការណ៍ជាប់គាំងនយោបាយ
ដែលនាំឲ្យខាតបង់ទាំងសេដ្ឋកិច្ច និង អាយុជីវិតប្រជាជនផងនោះ
ក្រុមនិស្សិត និងសាស្ត្រាចារ្យ បានជួបជុំគ្នា
កាលពីថ្ងៃទី១៣ខែមករានេះ
ដើម្បីប្រមូលគំនិតរួមស្នើឲ្យអ្នកនយោបាយពិចារណារកដំណោះស្រាយជាថ្មី
។
 |
| វេទិកាតុមូលរបស់អ្នកវិភាគនយោបាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ (រូបភាពដោយ តាំង វីដា) |
កញ្ញា ទា វណ្ណនាថ និស្សិតឆ្នាំទី២
ផ្នែកនីតិសាស្ត្រ នៃសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប
ចង់ឲ្យមានការបោះឆ្នោតឡើងវិញ សម្រាប់អាណត្តិទី៥ ដោយយុត្តិធម៌
និងត្រឹមត្រូវ។ កញ្ញា ជឿជាក់ថា ការបោះឆ្នោតឡើងវិញ
គឺជាដំណោះស្រាយតែមួយគត់ ព្រោះបើមិនបោះឆ្នោតឡើងវិញ
គណបក្សទាំងពីរនៅតែប្រកាន់ជំហរឈ្នះរៀងៗខ្លួន
ហើយបញ្ហាគឺនៅតែបន្តជាប់គាំង។
សម្រាប់លោក ងិន វុទ្ធី
និស្សិតឆ្នាំទី៣ ផ្នែកច្បាប់ នៃសកលវិទ្យាល័យខេមរៈ
ចង់ឲ្យមានការរៀបចំបោះឆ្នោតមុនអាណត្តិ ដែលគួររៀបចំក្នុងឆ្នាំ២០១៥
បន្ទាប់ពីស្ថាប័នធំៗ ដូចជា គ.ជ.ប ក្រុមប្រឹក្សាធម្មនុញ្ញ
និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានធ្វើកំណែទម្រង់រួចរាល់។
លោកបន្តថា គណបក្សទាំងពីរ គួរថយក្រោយមួយជំហានម្នាក់
ដើម្បីឈានដល់ការបញ្ចប់បញ្ហានយោបាយ។
ដោយឡែក លោក ខៀវ សុភ័ក្ត្រ អាយុ ២៤ឆ្នាំ
ជាសិក្ខាកាមក្នុងវេទិកានោះ និងជាសមាជិកនៃក្រុម សភាយុវជនខ្មែរ
ប្រាថ្នាចង់ឃើញឆន្ទៈពិតរបស់គណបក្សជាប់ឆ្នោតទាំងពីរ
បេ្ញជ្តាដោះស្រាយបញ្ហានយោបាយដោយពិតប្រាកដ។ លោក សង្ឃឹមថា
គណបក្សទាំងពីរ អាចបង្ហាញជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក
មុនឈានដល់ការចូលតុចរចារកដំណោះស្រាយរួម។
ចំណុចទាំងបីដែលផុសចេញពីផ្នត់គំនិត
របស់និស្សិតបីរូបនោះ
គឺបានលើកឡើងក្រោយពីបានស្តាប់ការវែកញែករបស់អ្នកវិភាគនយោបាយ
ជាច្រើនរូប និងតំណាងគណបក្សជាប់ឆ្នោត
ពាក់ព័ន្ធនឹងយន្តការបញ្ចប់ជម្លោះ និងយន្តការតុល្យភាពអំណាច
ក្នុងវេទិកាតុមូលស្តីពីដំណោះស្រាយនយោបាយជាប់គាំងនៅកម្ពុជា
ក្រោយការបោះឆ្នោតសកលនីតិកាលទី៥ រៀបចំឡើងដោយលោកបណ្ឌិត សុខ ទូច
សាកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ កាលពីថ្ងៃចន្ទ ទី១៣
ខែមករានេះ។ វេទិកានេះ មានព្រះសង្ឃ សាស្ត្រាចារ្យ បណ្ឌិត
អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងយុវជន ជាង ២០០នាក់ចូលរួម។
ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិ
មនុស្សនៃសមាគមអាដហុក លោក នី ចរិយា លើកឡើងថា
ដើមចមនៃបញ្ហាគឺការអនុវត្តច្បាប់បោះឆ្នោត ដែលខ្វះចន្លោះ
ហើយយន្តការដំណោះស្រាយបញ្ហាក្នុងប្រព័ន្ធបោះឆ្នោត
មិនកំណត់ច្បាស់លាស់ពីកាតព្វកិច្ចរបស់ គ.ជ.ប
ក្នុងនាមជាភាគីជម្លោះ ដែលទាំងនេះជាបញ្ហាចម្បង។ លោកយល់ថា
មានតែការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតឡើងវិញ
ឬរៀបចំការបោះឆ្នោតមុនអាណត្តិតែប៉ុណ្ណោះ
ជាច្រកចេញពីបញ្ហាជាប់គាំងនេះ។
សម្រាប់អ្នកស្រាជ្រាវឯករាជ្យ លោក
បណ្ឌិត កែម ឡី យល់ថា ការចូលតុចរចា ការចូលប្រជុំសភា ដើម្បីធ្វើ
វិសោធនកម្មរដ្ឋធម្មនុញ គឺជាដំណោះស្រាយមួយ
អាចបន្ទន់ឥរិយាបថគណបក្សទាំងពីរដើម្បីឈានដល់ការពិចារណា
លើសំណើបោះឆ្នោតមុនអាណត្តិ ដែលអាចជួយដោះស្រាយទាំងវិបត្តិនយោបាយ
និងវិបត្តិសេដ្ឋកិច្ច ហើយគណបក្សទាំងពីរមិនទទួលរងការខាតបង់។
ដោយឡែក
សាស្ត្រាចារ្យច្បាប់នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ប៊ុន សេង យល់ថា
មុននឹងឈានដល់ការដោះស្រាយបញ្ហានយោបាយ សំខាន់គឺ
ត្រូវដកព្រលឹងបក្សចេញពីបុគ្គលបម្រើការងារតាមស្ថាប័នឯករាជ្យ
និងស្ថាប័នរដ្ឋជាមុនសិន។ ក្នុងន័យនេះ លោកថា បុគ្គលបម្រើការងាររដ្ឋ
គប្បីប្រកាន់ជំហរបម្រើជាតិ ជាជាងការប្រកាន់បក្ខពួក
ដើម្បីឈានដល់ការរកដំណោះស្រាយសន្តិភាព។ ទន្ទឹមនឹងនេះ លោក គាំទ្រ
ចំពោះការយាងព្រះមហាក្សត្រ ជាព្រះអធិបតីភាព
អាជ្ញាកណ្តាលដោះស្រាយជម្លោះនេះ។
កាលពីថ្ងៃទី០៣ ខែមករា
អ្នកវិភាគនយោបាយឯករាជ្យបីរូប ដែលមានលោកបណ្ឌិត សុខ ទូច លោកបណ្ឌិត ឡៅ
ម៉ុងហៃ និងលោកបណ្ឌិត កែម ឡី បានថ្វាយលិខិតគោរពយាងព្រះមហាក្សត្រ
ព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តមសីហមុនី
ព្រះមេត្តាកោះអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សជាប់ឆ្នោតទាំងពីរ
ជួបចរចា ដើម្បីដោះស្រាយស្ថានភាពចលាចលចំពោះមុខ។
ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ
ជុំវិញការឆ្លើយតបរបស់ព្រះអង្គនៅឡើយទេ។
លោក ញ៉ែម បុញ្ញាឫទ្ធិ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក្នុងនាមជាវាគ្មិនមួយរូប
ក្នុងវេទិកាតុមូលនោះ បានលើកឡើងថា ជំហររបស់បក្សនេះ
គឺចង់ឲ្យមានដំណោះស្រាយដោយសន្តិវិធី និងអហិង្សា តែគណបក្សនេះ
ទាមទារការដោះស្រាយ មួយជំហានម្តងៗ និងឲ្យភាគីម្ខាងទៀត
ប្រកាសជំហរចុងក្រោយ និងអនុវត្តឲ្យខ្ជាប់ខ្ជួន
មិនមែនគ្រាន់តែថានោះទេ។ លោកបន្តថា គណបក្សនេះ
ក៏មិនចង់ឲ្យភាពជាប់គាំងនយោបាយបន្តអូសបន្លាយ
ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។
សម្រាប់មន្ត្រីជាន់ខ្ពស់គណបក្ស
ប្រជាជនកម្ពុជា លោក ជាម យៀប លើកឡើងថា
តាមស្ថានភាពជាក់ស្តែងនៃដំណើរការគ្រប់គ្រងស្ថាប័នរដ្ឋទាំងបីរបស់
កម្ពុជា គឺបញ្ហានយោបាយ មិនជាប់គាំងនោះទេ តែអ្វីដែលជាប់គាំងនោះ
ការមិនទាន់ចុះសម្រុងគ្នារវាងគណបក្សឈ្នះឆ្នោតទាំងពីរ។ លោកថា
គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ចង់ឲ្យមានការចរចា
ដើម្បីឈានទៅរកដំណោះស្រាយ
ហើយដំណោះស្រាយជាការសម្រេចកែប្រែរដ្ឋធម្មនុញ្ញ ច្បាប់
ការបោះឆ្នោតមុនអាណត្តិ ឬយ៉ាងណានោះ គឺអាស្រ័យលើការជជែកគ្នានេះ។
ទោះជាយ៉ាងណាក៏ដោយ
ការចូលតុចរចារបស់ទាំងថ្នាក់ដឹកនាំកំពូល គណបក្សទាំងពីរ
កាលពីថ្ងៃទី១៦ ខែកញ្ញា គឺមិនត្រូវបង្ហើបឲ្យដឹងទូលាយនោះទេ
គ្រាន់តែបង្ហាញជំហរស្របគ្នា លើកំណែទម្រង់ស្ថាប័នជាតិធំៗ ដូចជា
គ.ជ.ប តែប៉ុណ្ណោះ ហើយក្រោយមកការបែងចែកអំណាច បានចោទជាបញ្ហា។
ទន្ទឹមនឹងនេះ ជំនួបរវាងក្រុមការងារបច្ចេកទេស
ដែលត្រូវបានរៀបចំឡើងបិទទ្វារចំនួនពីរលើក គឺមិនមានផ្លែផ្កាអ្វីឡើយ
ដោយសាររបៀបវារៈដែលគណបក្សសង្គ្រោះជាតិលើកឡើង
គឺមិនត្រូវបានគណបក្សប្រជាជនកម្ពុជា ទទួលយក។
ស្ថិតក្នុងកាលៈទេសៈនេះ
អង្គការសង្គមស៊ីវិល បានស្នើឲ្យគណបក្សទាំងពីរ ប្រកាសឆន្ទៈពិតប្រាកដ
ជឿទុកចិត្តគ្នា ដើម្បីដោះស្រាយបញ្ហាជាតិជាជាងប្រយោជន៍បក្ស។
បន្ថែមពីនេះ សង្គមស៊ីវិល ក៏ស្នើឲ្យគណបក្សប្រជាជនកម្ពុជា
ទទួលយកការស្នើឲ្យបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិយ៉ាងយូរ
ក្នុងឆ្នាំ២០១៥ ក្រោយកំណែទម្រង់ការបោះឆ្នោតរួចរាល់
ដើម្បីបញ្ចប់ទំនាស់នយោបាយនៅកម្ពុជា៕
 |
| អ្នកច្បាប់ និងតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ចូលរួមជាវាគ្មិនក្នុងវេទិកា(រូបភាពដោយ តាំង វីដា) |