នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃអាទិត្យទី៥មករា បានទទូចអោយគូប្រឆាំងនយោបាយរបស់លោកស្រីបោះឆ្នោតទម្លាក់លោកស្រី ប្រសិនបើពួកគេចង់អោយលោកស្រីចេញពីតំណែង។
លោកស្រីបាននិយាយថា "ខ្ញុំសូមស្នើអោយគ្រប់គ្នាអនុវត្តការអត់ឱនអធ្យាស្រ័យនិងទុកអោយពេលវេលាផ្សះផ្សារបញ្ហា។បញ្ហាដែលប្រទេសកំពុងប្រឈមកាន់តែស្មុគស្មាញឡើង និងមិនអាចដោះស្រាយបានក្នុងរយៈពេលតែ១ថ្ងៃទេ។បើលោកអ្នកមិនចង់អោយរដ្ឋាភិបាលនេះវិលមកកាន់អំណាចវិញទេ អ្នកត្រូវប្រយុទ្ធតស៊ូជាមួយយើងនៅក្នុងការបោះឆ្នោត។ប្រែក្លាយការជួបជុំប្រឆាំងទៅជាកម្លាំងត្រួតពិនិត្យតាមដានវិញ"។
នៅក្នុងទំព័រFacebook លោកស្រីបាននិយាយថា ការបោះឆ្នោតណាមួយជាជាឱសថពូកែបំផុតដើម្បីព្យាបាលជម្លោះនយោបាយនិងក៏ជាយន្តការល្អបំផុតក្នុងប្រព័ន្ធប្រជាធិបតេយ្យ។
បន្ទាប់ពីសភាត្រូវបានរំលាយ រដ្ឋាភិបាលមិនអាចអនុវត្តវិធានការដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ដូចជាជំរុញផលិតផលសរុបក្នុងស្រុក(GDP)តាមរយៈការចំណាយរបស់រដ្ឋ ដូច្នេះការវិនិយោគឯកជនក៏ប៉ះពាល់។
អ្នកទេសចរបរទេសបានលុបចោលការកក់កន្លែង និងប្រទេសជាច្រើនបានព្រមានពលរដ្ឋរបស់គេកុំអោយមកទស្សនាប្រទេសថៃ។
លោកស្រីបានបន្ថែមថា"ចូរយើងជជែកគ្នា និងទោះជាមានមតិផ្ទុយគ្នា យើងមិនត្រូវការការបែកបាក់ទេ។សូមមេត្តាកុំបន្តជម្លោះនេះដល់កូនៗរបស់យើង។ប្រែក្លាយការខ្វែងគំនិតជាមកជាកម្លាំងមួយដើម្បីដោះស្រាយបញ្ហាសំរាប់ប្រទេស"។
គេថា យីងឡាក់នៅក្នុងគេហដ្ឋានជាមួយគ្រួសារក្នុងពេលតាមដានចលនារបស់គណៈកម្មាធិការកំណែទំរង់ប្រជាធិបតេយ្យរបស់ប្រជាជនដែលកំពុងកៀងគរប្រជាជនអោយចូលរួមមហាបាតុកម្មបិទក្រុងបាងកកនៅថ្ងៃ១៣មករាខាងមុខ។ប៉ូលិសរាប់រយនាក់ក៏កំពុងកេណ្ឌមកពីបីខេត្តដើម្បីយាមផ្ទះលោកស្រី៕
source: cen