ភ្នំពេញ: អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាឱ្យបន្តបំបែកការប្រមូលផ្តុំបែបអាណាធិបតេយ្យ នៅតាមបណ្តាខណ្ឌ ឬចំណុចណាក៏ដោយ បើសិនជាកើតមានទៀតនោះ។ បទបញ្ជានេះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសៅរ៍ កន្លងមកនេះ។
កាលពីល្ងាចថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានកោះប្រជុំពិសេសបន្ទាន់មួយ ជាមួយគណៈបញ្ជាការឯកភាពរាជធានី ដើម្បីមានវិធានការបន្តទៀត ក្រោយពីមានការបោសសំអាត នៅទីលានប្រជាធិតេយ្យទទួលបានជោគជ័យ។
នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសសើរដល់កម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានសហការគ្នាល្អបោសសំអាត បានជោគជ័យ នៅទីលានប្រជាធិបតេយ្យ ដោយប្រើប្រាស់ពេលវេលាត្រឹមតែ ៤ ម៉ោង មិនប្រឈមនឹងការប៉ះទង្គិចគ្នាថែមទៀត។
លោកអភិបាល លើកឡើងថា ការសម្រេចចិត្តក្នុងការបោសសំអាតរៀបចំរបៀបរៀបរយ ទៅលើក្រុមអ្នកតវ៉ាខាងលើនេះមិនមែនមានន័យថា បិទមិនឱ្យពួកគាត់ ឬគណបក្សប្រឆាំង ធ្វើការតវ៉ារហូតនោះទេ គឺគ្រាន់តែផ្អាកជាបណ្តោះអាសន្នទប់ស្កាត់ពួកគាត់មួយរយៈពេល ដើម្បីឱ្យស្ថានការណ៍ នៅរាជធានីភ្នំពេញ វិលទៅរកភាពប្រក្រតីឡើងវិញតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត អាជ្ញាធរចង់ឱ្យបក្សប្រឆាំង ងាកទៅមើលពីលក្ខណៈច្បាប់ឡើងវិញ កុំឱ្យធ្វើបាតុកម្មម្តងៗ ដើរកាន់តែឆ្ងាយពីផ្លូវច្បាប់ ដែលធ្វើឱ្យប្រទេសជាតិ ធ្លាក់ក្នុងស្ថានភាពវឹកវរ។
លោកអភិបាលរាជធានី បានមានប្រសាសន៍ទៀតថា ការប្រើប្រាស់កម្លាំងស៊ីវិល ដើម្បីបំបែកក្រុមអ្នកតវ៉ាទាំងនេះ គឺដោយសារតែក្រុមរបស់ពួកគេ បានដើរកាន់តែឆ្ងាយពីច្បាប់ដោយធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរ នៅលើទីលានប្រជាធិបតេយ្យ ដោយក្រុមអ្នកតវ៉ាទាំងនេះ បានបិទផ្លូវសាធារណៈ រហូតដល់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជន។
លោកបានបន្តថា មិនត្រឺមតែប៉ុណ្ណោះទេ ក្រុមនេះ នៅបានបង្កឱ្យមានការប៉ះទង្គិចដាក់គ្នា ជាមួយកងកម្លាំងមានសមត្ថកិច្ចបណ្តាលឱ្យមានមនុស្សស្លាប់ ៤នាក់ និងរងរបួសមួយចំនួន រួមទាំងកងកម្លាំងមានសមត្ថកិច្ច ក៏រងរបួសអស់ជាច្រើននាក់ថែមទៀត។ ដោយមើលឃើញ ទង្វើកាន់តែមិនល្អនេះហើយ ទើបកម្លាំងមានសមត្ថកិច្ច របស់យើងធ្វើការបោសសំអាតទីលាននេះចេញតែម្តង។ នេះមិនមែនជាការចៃដន្យនោះទេ តែជាការជ្រើសរើសពេលវេលាដ៏សមគួរមួយ ដើម្បីសំដៅធ្វើយ៉ាងណា កាត់បន្ថយឱ្យបាននូវការប៉ះទង្គិចដាក់គ្នា។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបន្តថា ចាប់ពីពេលនេះតទៅទាំងកម្លាំងប៉ូលិស ទាំងកម្លាំងប៉េអឹម ត្រូវបញ្ជូនឱ្យទៅកាន់ខណ្ឌរបស់ខ្លួនវិញ ហើយកិច្ចការងារ ដែលត្រូវអនុវត្តបន្តទៀតនោះ ពេលចុះដល់មូលដ្ឋាន ត្រូវពង្រឹងមូលដ្ឋានរបស់ខ្លួន ហើយត្រូវតែដើរល្បាត ក្នុងមូលដ្ឋាន ដើម្បីឃ្លាំមើលពីការប្រមូលផ្តុំ ទោះបីក្នុងរូបភាពបែបណាក៏ដោយ បើមានការប្រមូលផ្តុំ ដើម្បីធ្វើបាតុកម្ម ត្រូវតែបំបែកអោយខានតែបាន បើបង្ក្រាប មិនបានត្រូវរាយការណ៍ សុំអន្តរាគមន៍ ហើយបើមានការប៉ះទង្គិចគ្នា កម្លាំងយើងអាចបង្ក្រាបបាន តែកុំឱ្យប៉ះពាល់ដល់អាយុជីវិតរបស់គេ៕R/c
ទិដ្ឋភាពរុះរើ បណ្ថេញក្រុមបាតុករគណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤៖
Source : CEN