ភ្នំពេញ: គណបក្សសង្គ្រោះជាតិ
នឹងដាក់សំណើចំនួន២ចំណុចធំៗ ទាក់ទងការបោះឆ្នោត
ទៅសមភាគីរបស់ខ្លួនគឺគណបក្សប្រជាជនកម្ពុជា
សម្រាប់ឈានទៅដល់ការជួបចរចារវាងថ្នាក់ដឹកនាំកំពូលរវាងគណបក្សទាំងពីរ
។ សំណើនេះ នឹងត្រូវដាក់នៅលើតុចរចា រវាងក្រុមការងារបច្ចេកទេស
នៃគណបក្សទាំងពីរនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ខាងមុខនេះ។
ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរនៅដដែល
គឺយកការឯកភាពគ្នារវាងថ្នាក់ដឹកនាំកំពូល កាលពីថ្ងៃទី១៦.១៧ ខែកញ្ញា
ឆ្នាំ២០១៣ កន្លងមកនេះ។
ចំណែកបញ្ហាផ្សេងៗទៀត មិនត្រូវបានគណបក្សសង្គ្រោះជាតិ លើកយកមកដាក់ចូលក្នុងរបៀបវារៈនៃកិច្ចចរចានោះទេ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១ ខែមករា ថា
នៅក្នុងការជួបពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា
ខាងគណបក្សសង្គ្រោះជាតិ មានរបៀបវារៈចំនួនពីរធំដែលត្រូវលើកឡើង
ដើម្បីដាក់ទៅប្រជុំកំពូលរវាងគណបក្សទាំងពីរ។
លោកបាន
បញ្ជាក់ថា “មានរបៀបវារៈពីរ ដែលគណបក្សសង្គ្រោះជាតិ
ចង់ស្នើដាក់ទៅការប្រជុំកំពូលរវាងគណបក្សទាំងពីរ
ទី១.កែទម្រង់ការបោះឆ្នោត និងទី២.ការបោះឆ្នោតឡើងវិញ”។
ចំណែកលោកព្រុំ សុខាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា
បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់គណបក្សប្រជាជនកម្ពុជា
គឺមានច្បាស់ណាស់
ហើយយកអ្វីដែលបានឯកភាពគ្នានៅក្នុងជំនួបកំពូលរវាងថ្នាក់ដឹកនាំ
នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦
និងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣
កន្លងទៅយកមកបន្តការជជែកគ្នាតទៅទៀត។
លោកបានបញ្ជាក់ថា
“ធម្មតាការចរចាមានច្រើនលើកចឹង
ពីការចរចាមួយទៅការចរចាមួយមានវាអ្វីដែលជាចំណុចរួម
យើងបន្តពង្រឹងអាហ្នឹងដើម្បីឈានទៅរកដំណោះស្រាយចុងក្រោយសម្រាប់បញ្ហា
។ ដូច្នេះសម្រាប់គណបក្សប្រជាជនកម្ពុជា
គឺយកអ្វីដែលជាស្មារតីរួមដែលបានឯកភាពគ្នារវាងជំនួបកំពូលនៅ
ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៣”។
ក្រុមការងារបច្ចេកទេសខាង
គណបក្សប្រជាជនកម្ពុជា មានដូចជាៈ លោកសក់ សេដ្ឋា
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
លោកកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ចំណែកក្រុមការងារបច្ចេកទេសខាងគណបក្សសង្គ្រោះជាតិ រួមមានៈ
លោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យ
លោកប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក និងលោកគួយ ប៊ុនរឿន
អគ្គនាយករងរដ្ឋបាល៕ ដោយ: មុនីរាជ -
CEN