ប្រភព: Postkhmer
ជួនកាល
យុវវ័យចង់ផ្លាស់ប្ដូរមុខម្ហូបដ៏ពេញនិយមនាពេលបច្ចុប្បន្នដូចជា
មាន់ដុត ប៊ឺហ្គ័រ ប៊ីស្ដឹកសាច់គោ មកជាចំណីអាហារប្លែកៗវិញម្ដង។
តើអ្នកចង់ភ្លក្សរសជាតិចង្រិតបំពង ឬកន្តេះឡង់
ឬដង្កូវនាងដ៏គួរឲ្យខ្ពើមដែរឬទេ?
ប្រមាណ ៥០០ ម៉ែត្រនៅខាងលិចផ្សារ ដើមគ ចន្លោះពីម៉ោង ៣
រសៀលដល់ម៉ោង ៩ យប់ លោក ប៉ិច ម៉ន ជាមួយភរិយា ព្រមទាំងកូនស្រី
តែងតែធ្វើដំណើរមកលក់សត្វល្អិតដែលរួមមានទាំងចង្រិត ដឹកដឿ
កន្តេះឡង់ និង ក្តាម និងក្រួចបំពងជាដើម។
លោក បានប្រាប់ថា៖ «ខ្ញុំចាប់ផ្តើមលក់នៅទីនេះ (ម្តុំ បឹងសាឡាង)
រៀងរាល់ម៉ោង ៣ ឬ ៤ រសៀលដល់ម៉ោងប្រហែល ៩ យប់ រួចខ្ញុំទៅលក់បន្តនៅ
កោះពេជ្រ ដល់ម៉ោង ៣ ទៀបភ្លឺទៀត»។
លោក ម៉ន វ័យ ៣០ឆ្នាំ មានមោទនភាពលើមុខជំនួញរបស់ខ្លួន
ហើយមានជំនឿយ៉ាងមុតមាំថា
ការលក់ចង្រិតបំពងទទួលបានការគាំទ្រច្រើនពីអតិថិជនដោយសារពឹង
ផ្អែកលើគ្រឿងផ្សំដែលច្នៃដោយខ្លួនឯង។
លោកបាននិយាយថា៖ «អ្នកដែលចូលមកហើយ
ខ្ញុំតែងតែឲ្យគេភ្លក្សសិនមុននឹងទិញ។ អ្នកភ្លក្សហើយ
ភាគតិចណាស់ដែលគាត់ទៅវិញដោយមិនទិញអ្វីសោះ តិចក្តីច្រើនក្តី
គាត់តែងតែទិញ។ នេះដោយសារតែគ្រឿងផ្សំរបស់ខ្ញុំផង
ហើយរួមទាំងថ្វីមាត់របស់ខ្ញុំផង»។
តើអ្វីទៅជាគ្រឿងផ្សំអាថ៌កំបាំងរបស់លោក?
លោក ម៉ន បានឆ្លើយថា៖ «ខ្ញុំមិនអាចប្រាប់ពីរបៀបផ្សំគ្រឿងបានទេ
តែខ្ញុំអាចប្រាប់ថា ខ្ញុំប្រើប្រាស់ម្សៅស្រួយ ម្សៅក្រហម ពងមាន់
ស្ករ និងអំបិលជាដើម។ មានគេធ្លាប់ឲ្យប្រាក់ខ្ញុំចំនួន ៥០០ ដុល្លារ
ឲ្យប្រាប់ពីការផ្សំគ្រឿង តែខ្ញុំមិនអាចប្រាប់បានទេ»។
អតិថិជនរបស់លោក ប៉ិច ម៉ន មានទាំងប្រុសទាំងស្រី ក្មេងចាស់ ទាំងនៅក្នុងប្រទេស ហើយមានទាំងក្រៅប្រទេសទៀតផង។
លោកបានបន្ដថា៖ «អ្នកមកទិញទាំងអស់គឺគ្រប់អាយុ មិនថាប្រុស
មិនថាស្រីទេ។ ម៉ូយ ខ្ញុំម្នាក់គាត់នៅរហូតដល់អាមេរិក
ហើយរយៈពេលជា ២ខែ
ម្តងគាត់កុម្ម៉ង់ចង្រិតបំពងខ្ញុំតាមបងប្អូនគាត់ពី ២ ឬ ៣
គីឡូក្រាមរួចផ្ញើទៅឲ្យគាត់»។
តើការបរិភោគសាច់លិ្អតបែបនេះ មានផលប្រយោជន៍ ឬក៏ប៉ះពាល់សុខភាពដែរឬទេ?
លោក ម៉ន ដែលលក់សត្វល្អិតនេះយូរមកហើយ បានប្រាប់ថា
លោកតែងតែគិតគូរពីសុខភាពរបស់អ្នកទិញ
ពីព្រោះខ្លាចគេមកទិញម្តងហើយ លែងមកទៀត
ហើយលោកក៏មិនដែលដឹងពីគុណប្រយោជន៍ពីការបរិភោគសត្វល្អិតទាំងនោះ
ដែរ។
ដៃកំពុងច្រកចង្រិតលក់ឲ្យអ្នកទិញបណ្ដើរ លោក ម៉ន
បានផ្ដល់បទសម្ភាសជាមួយ Lift បណ្ដើរថា៖
«ខ្ញុំអត់ចង់ឲ្យអ្នកដែលទិញម្តង គាត់លែងមកទិញទៀតទេ
ដូចជាប្រេងសម្រាប់បំពងជាដើម ខ្ញុំតែងតែប្តូរថ្មីជារៀងរាល់ថ្ងៃ
កុំឲ្យហូបទៅខា។
ខ្ញុំធ្លាប់បានឮគេប្រើកញ្ឆាលាយពេលផ្សំគ្រឿងតែខ្ញុំមិនហ៊ាន
ទេ។ ខ្ញុំក៏មិនដឹងថា ហូបចង្រិតធ្វើឲ្យសុខភាពល្អ
ឬយ៉ាងដូចម្ដេចទេ ធ្លាប់តែឮចាស់ៗនិយាយថា ដឹកដឿ ជាថ្នាំ
តែខ្ញុំអត់ដឹងថាជាថ្នាំអ្វីដែរ»។
តាមការរកឃើញរបស់អង្គការចំណីអាហារពិភពលោក
សត្វល្អិតដែលអាចបរិភោគបានដូចជា ចង្រិតជាដើមនោះ
សម្បូរដោយសារធាតុចិញ្ចឹមច្រើនចំពោះមនុស្សដូចជា វីតាមីន ប្រូតេអ៊ីន
និងអាមីណូអាស៊ីត។
សត្វល្អិតប្រភេទនេះមានសារៈសំខាន់សម្រាប់ក្មេងដែលត្រូវសារជាតិ
ដើម្បីលូតលាស់
ដោយសារតែសត្វល្អិតទាំងនេះសម្បូរទៅដោយអាស៊ីតខ្លាញ់ (
fatty acids)
ដែលជាទូទៅតែងតែរកឃើញនៅក្នុងត្រី។ ម្យ៉ាងវិញទៀត
សត្វល្អិតក៏សម្បូរទៅដោយសារធាតុសរសៃ (fibre) និងសារធាតុស័ង្កសី ដែក
ម៉ាញ៉េស្យូម និងសារធាតុរ៉ែដទៃទៀតផងដែរ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា
ការបរិភោគសត្វល្អិតប្រឈមនឹងហានិភ័យទាបក្នុងការឆ្លងជំងឺពីសត្វ
មកមនុស្ស ដូចជា មេរោគ H1N1 ដែលឆ្លងពីបក្សី និង BSE
ដែលគេហៅថាជាជំងឺគោឆ្កួតទៀតផង៕
