ភ្នំពេញ ៖ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន កឹម
សុខា ព្រមទាំងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្មករ បានត្រៀមខ្លួនរួច
ជាស្រេច ចំពោះការចូលទៅបំភ្លឺនៅចំពោះ មុខតំណាងអយ្យការ
អមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៤
ដែលមានមេធាវីការពារក្ដីទៅជាមួយ ។
មេធាវីការពារក្ដីម្នាក់ក្នុងចំណោម ៣
នាក់ របស់លោក សម រង្ស៊ី និងលោក កឹម សុខា គឺលោក កើត ធី នៅ រសៀល ថ្ងៃទី១៣
ខែមករា ឆ្នាំ ២០១៤ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា
នៅព្រឹកស្អែក (១៤ មករា ២០១៤) កូនក្ដី
របស់លោកនឹងចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមម៉ោងកំណត់ ។
លោកមេធាវី
កើត ធី បានថ្លែងឱ្យដឹងទៀតថាលោក និងកូនក្ដីមានឯកសារគ្រប់គ្រាន់
និងត្រៀមខ្លួនរួចជាស្រេចចំពោះ ការចោទសួរទាំងឡាយណាពីសំណាក់តំណាងអយ្យការ ។
បើតាមលោកមេធាវី កើត ធី គឺ មានមេធាវី ៣នាក់ រួម
ទាំងលោកដែលត្រូវឡើងការពារក្ដីជូនលោក សម រង្ស៊ី និង លោក កឹម សុខា ដែល មេធាវី
២នាក់ទៀត ម៉េង សុធារី និងមេធាវី ចាន់ ចេន បាន
និងកំពុងមកដាក់ពាក្យធ្វើមេធាវីជាផ្លូវការនា រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤
។
ដោយឡែកលោក រ៉ុង ឈុន ក៏បានបញ្ជាក់ថា លោកអមដោយ មេធាវី ៥នាក់
បានត្រៀមខ្លួនរួចជាស្រេចចំពោះការ ចូលទៅបំភ្លឺ
តាមដីកាកោះអញ្ជើញរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង
សុភក្ដ្រ ដែលបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្ដបទឧក្រិដ្ឋ
ឬប្រព្រឹត្ដអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខ សង្គម ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ
នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ លោក រ៉ុង ឈុន បាន បញ្ជាក់ថា
លោកនឹងចូលទៅបំភ្លឺតាមដីកាកោះហៅ របស់តុលាការ ។
សូមបញ្ជាក់ថា
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ព្រះរាជអាជ្ញារងអម សាលាដំបូង
រាជធានី ភ្នំពេញ លោក ហៀង សុភក្ដ្រ បានចេញដីកាកោះអញ្ជើញលោក សម រង្ស៊ី
ទៅបំភ្លឹនៅតុលាការវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៤ ខែមករា កោះអញ្ជើញ លោក កឹម សុខា
ទៅបំភ្លឺនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៤ ខែមករា និងលោក រ៉ុង ឈុន ទៅបំភ្លឺ
នៅវេលាម៉ោង ៨ព្រឹក នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ។
ការចេញដីកាកោះអញ្ជើញមេដឹកនាំគណបក្សប្រឆាំង និងមេ សហជីពមួយរូបខាងលើនេះ
បានកើតឡើងក្រោយពីមានការប៉ះទង្គិចគ្នា រហូតមានស្លាប់ និងរបួសនៅតំបន់២សំខាន់ ៗ
គឺក្បែរ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ
និងការប៉ះទង្គិចគ្នានៅតាមផ្លូវវ៉េង ស្រេង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
កាលពីប៉ុន្មានថ្ងៃមុននេះ
មេធាវីរបស់ ប្រធានគណបក្សប្រឆាំងទាំង២នាក់ លោក ជួង ជូងី បានប្រកាសពន្យារពេល
ចូលទៅបំភ្លឺ ប៉ុន្ដែ ក្រោយមកគណបក្សសង្គ្រោះជាតិ
បានចេញសេចក្ដីថ្លែងការណ៍ចូលទៅបំភ្លឺ នៅចំពោះមុខតុលាការ របស់មេដឹកនាំទាំង
២នាក់ អមដោយការបញ្ជាក់ទៅកាន់សកម្ម ជនរបស់ខ្លួន នៅ តាមបណ្ដាខេត្ដផងដែរ ៕
(ប្រភព៖ ដើមអម្ពិល)