 |
| បាតុករថៃប្រមូលផ្តុំគ្នាបិទផ្លូវ
ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលឲ្យពន្យាពេលបោះឆ្នោត ព្រមទាំងឲ្យលោកស្រី យីង
ឡាក់ ចុះចេញពីតំណែង (រូបភាព The Nation) |
ធនាគារនៅទីក្រុងចំនួន១២៣ ផ្អាកដំណើរបណ្តោះអាសន្នគិតត្រឹមម៉ោង៣
និង៣០នាទីរសៀលថ្ងៃចន្ទនេះ
ដោយសារបាតុករប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី យីង ឡាក់
ចាប់ផ្តើមបិទផ្លូវនានាចូលក្នុងទីក្រុង។
សារព័ត៌មានThe Nation បានចុះផ្សាយថា
តម្លៃភាគហ៊ុននៅថៃនៅថ្ងៃចន្ទនេះ បានធ្លាក់ចុះខ្លាំង
បន្ទាប់ពីបាតុករប្រឆាំងរដ្ឋាភិបាលបានចាប់ផ្តើមប្រមូលផ្តុំ
បិទផ្លូវចូលទីក្រុងបាងកក
ចាប់ពីយប់ថ្ងៃអាទិត្យរហូតដល់រសៀលថ្ងៃចន្ទនេះ
នាំឲ្យកើតមានច្របូកច្របល់ក្នុងទីក្រុង។
នៅម៉ោង១១ និង១៧នាទី ភាគហ៊ុននៅថៃថយចុះ៦,៤២ ឬថយចុះ០,៥១ភាគរយ។
ដោយបាតុករបិទផ្លូវ
នាំឲ្យធនាគារនៅទីក្រុងបាងកកបិទជាបន្តបន្ទាប់ចាប់តាំងព្រឹករហូតដល់
ម៉ោង៣ និង៣០នាទីបិទអស់សរុប១២៣ធនាគារ។
ក្រុមប្រឆាំងចាប់ផ្តើមពង្រាយកម្លាំងរបស់ខ្លួន
តាមផ្លូវនានាចូលទីក្រុង តាមការគ្រោងទុក
ដើម្បីដាក់សម្ពាធឲ្យទម្លាក់ចោលការបោះឆ្នោត ហើយតម្រូវឲ្យលោកស្រី
យីងឡាក់ ចុះចេញពីការិយាល័យរដ្ឋាភិបាល។ ក្រុមអ្នកតវ៉ាចោទលោកស្រី
យីងឡាក់ ជាកូនអុកមួយរបស់បងប្រុសលោកស្រី គឺលោក ថាក់ស៊ីន
អតីតនាយករដ្ឋមន្ត្រីដែលត្រូវរដ្ឋប្រហារយោធាទម្លាក់កាលពីឆ្នាំ២០០៦។
ផ្លូវមួយចំនួនបាតុករចាប់ផ្តើមបិទតាំងពីយប់ថ្ងៃអាទិត្យ។
ការតវ៉ានៅទីក្រុងបាងកក
ក្នុងរយៈពេលពីរខែកន្លងទៅដែលទាមទារឲ្យលោកស្រី យីងឡាក់
ចុះចេញពីតំណែងនោះ បានបណ្តាលឲ្យមនុស្ស៨នាក់រួមទាំងបាតុករ
និងនគរបាលបានស្លាប់ និងរាប់រយនាក់រងរបួស។
ការប៉ះបង្គិចរវាងបាតុករ និងសមត្ថកិច្ចកាលពីឆ្នាំ២០១០ បានបណ្តាលឲ្យមនុស្សប្រមាណ៩០នាក់ស្លាប់។
ជាការឆ្លើយតប និងសេចក្តីប្រកាសរបស់លោកស្រី យីងឡាក់
ដាក់ប្រទេសក្នុងសភាពប្រកាសអាសន្ន មានការដាក់ពង្រាយកម្លាំងនគរបាល
និងយោធាជាង ២០០០០នាក់ នៅទីក្រុងបាងកក
ហើយពួកគេនឹងធ្វើប្រតិបត្តិការការពារសន្តិសុខ
ប្រសិនបើករណីចាំបាច់ដែលតម្រូវ។
ទោះយ៉ាងណារហូតដល់ម៉ោង ប្រមាណ៥ល្ងាចនេះ នៅមិនទាន់មានព័ត៌មាន ពីករណីហិង្សាកើតឡើងនៅឡើយទេ៕