សារនយោបាយដ៏សំខាន់របស់ប្រជារាស្ត្រខ្មែរទូទៅ គឺបានទាមទារឲ្យ
កោះហៅ
ជនដៃដល់និងអ្នកបញ្ជាឲ្យមានការបាញ់រះទៅលើប្រជាពលរដ្ឋស្លូតត្រង់
ក្នុងហេតុការណ៍បង្ក្រាបដោយហិង្សា នៅតាមផ្លូវវេងស្រេង
កាលពីថ្ងៃទី០៣ ខែមករា
កន្លងទៅនេះព្រោះមានឯកសារភស្តុតាងជាច្រើនបង្ហាញអំពីសកម្មភាពធ្វើ
ទារុណកម្មទៅលើប្រជារាស្ត្រស្លូតត្រង់
សូម្បីតែនៅលើដំបូលផ្ទះក៏មានកម្លាំងប្រដាប់អាវុធបាញ់ស៊ីបមកលើ
ប្រជារាស្ត្រស្លូតត្រង់
និងចាប់ប្រជាពលរដ្ឋពីក្នុងលំនៅដ្ឋានមកធ្វើទារុណកម្មវាយទាត់ធាក់
យកដុំថ្មគប់ក្បាលមើលទៅសាហាវព្រៃផ្សៃ និងអមនុស្សធម៌ខ្លាំងណាស់។
ប៉ុន្តែមកដល់ម៉ោងនេះ ស្ថាប័នតុលាការនៅក្នុងប្រទេសកម្ពុជា
មិនបានកោះហៅជនដៃដល់
និងអ្នកបញ្ជាពីក្រោយខ្នងទាក់ទងនឹងការបាញ់សម្លាប់ប្រជាពលរដ្ឋចំនួន
៦នាក់ និងរងរបួសធ្ងន់ស្រាលជាង៤០នាក់នោះទេ
បើទោះបីជាចរន្តថ្កោលទោសនៅក្រៅប្រទេសកាន់តែផុសផុលខ្លាំងឡើងៗ
ពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងណាក៏ដោយ។
សមាជិកគ្រួសារជនរងគ្រោះដែលត្រូវបានសម្លាប់និងមួយចំនួនទៀត
ត្រូវបានបាត់ខ្លួន
បាននាំគ្នាដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរនិងអង្គការសិទ្ធិមនុស្ស
ដើម្បីទាមទាររកយុត្តិធម៌និងទាមទារឲ្យកោះហៅជនដៃដល់និងអ្នកបញ្ជា
ពីក្រោយខ្នងទៅកាត់ទោសតាមច្បាប់។
ក្រុមគ្រួសារជនរងគ្រោះមួយចំនួនទៀត
ក៏បានរំលឹកឡើងវិញពីហេតុការណ៍ហិង្សា
ដែលកម្លាំងប្រដាប់អាវុធចម្រុះប្រដាប់ដោយខែល កាំភ្លើងអាកា
បានចេញប្រតិបត្តិការបោសសម្អាតលើផ្លូវវេងស្រេង
ក្រោមលេសបង្ក្រាបជនអនាធិបតេយ្យ
ហើយនៅក្នុងចំណោមកម្លាំងប្រដាប់អាវុធទាំងនោះបានធ្វើការបាញ់រះ
បាញ់ស៊ីបទៅលើជនស្លូតត្រង់យ៉ាងសាហាវយង់ឃ្នងបំផុត
គ្មានក្រែងញញើតច្បាប់ទម្លាប់អ្វីឡើយហើយព្រមជាមួយគ្នានោះក៏មាន
ឧទ្ធម្ភាកចក្រ ហោះហើរល្បាតមើលទៅគួរឲ្យញាក់សាច់
ប្រៀបដូចជាសមរភូមិប្រយុទ្ធជាមួយខ្មាំងសត្រូវឈ្លានពាន ចំណែកកម្មករ
កម្មការិនី មានតែបាតដៃទទេ។
គេនៅចាំបានថា
ប្រជាពលរដ្ឋនៅក្នុងបន្ទប់ផ្ទះជួលក៏ត្រូវកម្លាំងប្រដាប់អាវុធធាក់
ទម្លាយទ្វារចូលចាប់ធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ
បើទោះបីជាជនរងគ្រោះទាំងនោះ មិនបានស្ថិតនៅក្នុងហេតុការណ៍ក៏ដោយ
ដែលសូម្បីតែនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក
ក៏បានរិះគន់ទៅលើសកម្មភាពរបស់សមត្ថកិច្ចប្រដាប់អាវុធទាំងនោះដោយ
ចំអកថា នៅទូទាំងពិភពលោកយើងនេះ
មិនដែលមានប្រទេសណាមួយគេបញ្ជូនកម្លាំងប្រដាប់អាវុធឲ្យឡើងលើ
ដំបូលផ្ទះចាំបង្ក្រាបបាតុករ
ដូចហេតុការណ៍នៅលើផ្លូវវេងស្រេងនោះទេ។
មន្ត្រីជាន់ខ្ពស់ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ
ក៏បានថ្កោលទោសចំពោះវិធានការបង្ក្រាបប្រជាពលរដ្ឋស្លូតត្រង់ដោយ
ការប្រើគ្រាប់កាំភ្លើងពិតបាញ់រះផងដែរ ជាមួយនឹងពាក្យក្រើនរំលឹកថា
ប្រតិបត្តិការបង្ក្រាបត្រូវតែអនុលោមទៅតាមច្បាប់ជាតិ
និងច្បាប់អន្តរជាតិ មិនត្រូវបំពារបំពានលើសិទ្ធិមនុស្ស
និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទេ។