ភ្នំពេញ: ក្រុមសកម្មជនសិទ្ធិមនុស្ស លោក វន់ ពៅ និងកម្មករ សរុប ២៣ នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលតវ៉ាឡើងប្រាក់ខែកម្មករកាត់ដេរដែលកើតមានហឹង្សា កាលពីថ្ងៃទី២ និងថ្ងៃទី៣មករា ត្រូវបាននាំយកទៅឃុំឃាំង នៅពន្ធនាគារ ម៣ ត្រពាំងថ្លុង ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម។ ដំណឹងនេះ ទើបតែត្រូវបានសកម្មជនសិទ្ធិមនុស្ស បញ្ជាក់ប្រាប់អ្នកកាសែត នៅរសៀលថ្ងៃទី៦មករានេះ។
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនក្រុមសកម្មជនសិទ្ធិមនុស្ស លោកវន់ពៅ និងកម្មករ ចំនួន ១០ នាក់ កាលពីថ្ងៃទី៣មករា ហើយនៅថ្ងៃទី៤មករា តុលាការក៏បានសម្រេចឃុំខ្លួនកម្មករ ១៣ នាក់ផ្សេងទៀត ដែលត្រូវចាប់ក្នុងការប៉ះទង្គិច នៅតំបន់រោងចក្រ កាណាឌីយ៉ា ផ្លូវវ៉េងស្រេង។
សកម្មជនទាំងនោះ ត្រូវបានតុលាការ ចោទប្រកាន់ពីបទបង្កអំពើហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប៉ះទង្គិចពីរកន្លែងដាច់ដោយឡែកពីគ្នា គឺនៅមុខរោងចក្រ យ៉ាកជីង នៅជាប់បន្ទាយទាហានកងទ័ពពិសេសឆ័ត្រយោង កងពល ៩១១ នៅកំបូល កាលពីថ្ងៃទី២មករា និងករណីមួយទៀតនៅតំបន់ឧស្សាហកម្មកាត់ដេរ កាណាឌីយ៉ា នៅផ្លូវវ៉េងស្រេង។
ក្រោយពីតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនហើយ គេមិនបានប្រាប់ពីទីតាំងពន្ធនាគារ ដែលត្រូវឃុំខ្លួនជនទាំងនោះទេ។
ក្នុងព្រឹត្តិការណ៍នៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣មករា យ៉ាងហោចណាស់ មានកម្មករ ៥ នាក់ ស្លាប់ និងជិត ៤០នាក់ រងរបួស។ ដោយឡែក សមត្ថកិច្ចក៏បានអះអាងថា មានសមត្ថកិច្ចចំនួន ៣០ នាក់ រងរបួស ដោយដុំថ្មរបស់ក្រុមកម្មករ៕
ដកស្រង់ពី CEN