ខេត្តកំពង់ស្ពឺ ៖
ប្រជាពលរដ្ឋ រស់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រទះឃើញ សាកសពបុរសម្នាក់ ដាច់ក្បាល ដែលត្រូវជនមិនស្គាល់មុខ យកមកប្លុងចោល ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៩ ខែមករា
ឆ្នាំ២០១៤ ដោយសមត្ថកិច្ច បានសន្និដ្ឋានថា ឃាតកម្មនេះ អាចពាក់ព័ន្ធ រឿងគំនុំអាបធ្មប់ ហើយកំពុងស្វែងរកតម្រុយ ជនល្មើសដើម្បីនាំទៅ ផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខៀវ ប៉ត អាយុ ៥៥ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្អឺ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា នៅយប់ថ្ងៃទី១៨ ខែមករា នៅក្នុងភូមិមានរៀបំ ពិធីបុណ្យដាលាន ហើយប្រជាពលរដ្ឋ ក៏បានចូលរួមក្នុងពិធីបុណ្យនេះ យ៉ាងច្រើនផងដែរ ក្នុងនោះក៏មានជនរងគ្រោះ និងមានការផឹកស៊ី នៅកន្លែងបុណ្យ ហើយក៏បាត់ជនរងគ្រោះក្នុងយប់នោះទៅ តែក៏គ្មានអ្នកណា ចាប់អារម្មណ៍ថា ជនរងគ្រោះទៅណានោះដែរ ។
លុះព្រឹកឡើង ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហេង អាយុ ២៥ឆ្នាំ រស់នៅភូមិបឹងស្តុក បានដើររកជីកកណ្តៀរ ស្រាប់តែប្រទះឃើញ សពបុរសរងគ្រោះក្នុងវាលស្រែ ក៏រាយការណ៍ជូនសមត្ថកិច្ច ចុះមកត្រួតពិនិត្យតែម្តង ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ អាចត្រូវក្រុមជនដៃដល់ សម្លាប់តាំងពីអំឡុងម៉ោង ៩យប់ថ្ងៃទី១៨ ខែមករា មកម្ល៉េះ ។
សពជនរងគ្រោះ ត្រូវក្រុមជនដៃដល់ សម្លាប់ដោយកាត់ក្បាល នៅជិតសាលាបុណ្យ ដាលានភូមិចម្ងាយ ១០០ម៉ែត្រ ហើយនៅពេល កាត់ក្បាលរួចហើយ ក្រុមជនសង្ស័យបានយកខ្សែ នីឡុងពណ៌ខ្មៅ ចងដៃស្តាំ និងជើងស្តាំជនរងគ្រោះ ហើយអូសកាត់វាយស្រែ ចម្ងាយប្រហែល ៦០០ម៉ែត្រ ទើបទុកសាកសព ចោលនៅទីនោះ៕