ខេត្តកំពង់ចាម ៖
លោក ឆាយ សុខា ហៅកុក បានកាន់តំណែងជា ប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកំពង់ចាម ឡើងដុះស្លែទៅហើយ អាចមានសិទ្ធិអំណាច បង្កព្យុះភ្លៀងតាមតែអំពើចិត្ត មិនដែលក្រែងញញើតអ្វីឡើយ
ជាពិសេសក្នុងអាណត្តិ ដែលលោក ឆាយ គឹមសុន ធ្វើជាស្នងការនគរបាល ខេត្តកំពង់ចាម លោក ឆាយ សុខា ហៅកុក ធ្វើអ្វីៗ តាមតែអំពើចិត្ត ក៏ព្រោះតែគាត់ជាបងប្អូនរបស់លោក ឆាយ គឹមសុន។ ដូច្នេះគេតែងតែរំពឹងទុកថា លោក ប៉ែន រ័ត្ន ជាស្នងការដែលទើបឡើងថ្មី នឹងធ្វើការកែទម្រង់លុបបំបាត់ ភាពអនាធិបតេយ្យ នៃការដាក់ប៉ុស្តិ៍ជជុះ គាបជំរិតក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ឲ្យបង់លុយពីសំណាក់ នគរបាលសេដ្ឋកិច្ច ខេត្តកំពង់ចាម ឲ្យមានប្រសិទ្ធភាពឡើងវិញផង ហើយប្រសិនបើអាច គួរតែដោះដូរតំណែងលោក ឆាយ សុខា ហៅកុក កាន់តែឆាប់កាន់តែល្អ។
អ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួន បានឲ្យដឹងថា លោក ឆាយ សុខា ហៅកុក ដែលមានអំណាច តាមជើងខោបងប្រុសរបស់គាត់ បានពង្រាយមន្ត្រីក្រោមឱវាទ ឲ្យដាក់ប៉ុស្តិ៍ជជុះ ចំនួន ៥កន្លែង រួមមានទី១ គល់ស្ពានជ្រាវ ២.ត្រពាំងថ្ម ៣.ឃុំដារ ក្នុងស្រុកមេមត់ ៤.ជិតផ្សារសួង និង៥ នៅលើផ្លូវជាតិលេខ៦ ក្បែរប្រជុំជនស្គន់។ ប៉ុស្តិ៍ជជុះរបស់នគរបាល សេដ្ឋកិច្ចខេត្តកំពង់ចាម ក្រោមបញ្ជារបស់លោក ឆាយ សុខា ហៅកុក ភាគច្រើនចាត់តាំងឲ្យមន្ត្រី ស្លៀកពាក់ស៊ីវិល ហើយពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះប្រមូលលុយ ពីឡានដឹកទំនិញ ឡានដឹកឈើ និងឡានដឹកកសិផល ដើម្បីបន្លំភ្នែកសាធារណជន ប៉ុន្តែរឿងពិត កម្លាំងនគរបាលសេដ្ឋកិច្ច របស់លោក ឆាយ សុខា ហៅកុក ចេញទៅប្រមូលលុយ ថ្លៃក្បាលឡានដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នាធ្វើមានធ្វើបាន មួយថ្ងៃៗមិនដឹងជា យកទៅណាអស់ទេ ហើយក៏មិនដែលមាននរណា ហ៊ានសួរនាំពីបញ្ហានេះ ក៏ព្រោះតែលោក ឆាយ សុខា ហៅកុក មានឥទ្ធិពលធំណាស់។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ បានឲ្យដឹងថា ក្រុមនគរបាលសេដ្ឋកិច្ច ខេត្តកំពង់ចាម មិនដែលបង្ហាញស្នាដៃអ្វីទេ ក្រៅពីការដាក់ប៉ុស្តិ៍ជជុះ និងរថយន្តសម្រាប់ប្រដេញ ឡានដឹកទំនិញ ឲ្យចូលបង់លុយទៅតាមតែអំពើចិត្ត ហើយប៉ុស្តិ៍ជជុះរបស់ នគរបាលសេដ្ឋកិច្ច ខេត្តកំពង់ចាម ដែលមានភាពអនាធិបតេយ្យ ខ្លាំងជាងគេ គឺនៅចំណុចជិតផ្សារសួង និងនៅក្បែរប្រជុំជនស្គន់ ទីដែលមានការដឹកជញ្ជូនទំនិញ និងឈើខុសច្បាប់ ឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ។ នគរបាលសេដ្ឋកិច្ចរបស់លោក ឆាយ សុខា ហៅកុក ក្តោបក្តាប់មុខសញ្ញាក្រុមឈ្មួញ បានយ៉ាងច្បាស់ដូចថ្ងៃរះ ពោលគឺមន្ត្រីដែលឈរជើង ដាក់ប៉ុស្តិ៍ជជុះគ្រាន់តែបង្ខំ ឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញ បង់លុយថ្លៃបាយ ថ្លៃក្បាលឡានប៉ុណ្ណោះ ប៉ុន្តែសម្រាប់លុយដុំវិញ ត្រូវយកទៅបង់ជូនលោក ឆាយ សុខា ហៅកុក ជាប្រចាំខែ ។
ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរថា ពេលខ្លះគ្រាន់តែដឹកអាចម៍មាន់ យកទៅធ្វើជី ដាក់ដំណាំក៏ក្រុមរបស់លោក ឆាយ សុខា ហៅកុក ចេញរថយន្តតាមប្រដេញ ឲ្យចូលបង់លុយចំនួន ២ម៉ឺនរៀល ឬ ៤ម៉ឺនរៀលផងដែរ បើទោះបីជាដឹងថា ប្រជាពលរដ្ឋដឹកត្រឹមអាចម៍មាន់ មិនមែនជាទំនិញ ដែលត្រូវបង់ពន្ធ ឬជាទំនិញខុសច្បាប់អ្វីក៏ដោយ។ នគរបាលសេដ្ឋកិច្ច របស់លោក ឆាយ សុខា ហៅកុក ដែលឈរជើងតាមប៉ុស្តិ៍ជជុះ សុទ្ធតែមានជំនាញប្រដេញ តាមឡានដឹកឈើ និងឡានដឹកទំនិញ ឲ្យចូលបង់លុយធ្វើឲ្យគ្រប់ៗគ្នាញាក់សាច់ ហើយពេលខ្លះនគរបាលទាំងនោះ ដើរតួជាសមត្ថកិច្ចផង ដើរតួជាតុលាការផង គឺប្រដេញចាប់ឡានដឹកទំនិញ ឬឡានដឹកឈើ ឲ្យចូលបង់លុយស្ងាត់ៗ ហើយក៏ដោះលែងទៅវិញ ដោយមិនបានសុំយោបល់ ពីព្រះរាជអាជ្ញា ឬរាយការណ៍ ជូនថ្នាក់លើនោះទេ។
ឥឡូវនេះលោក ឆាយ គឹមសុន ត្រូវបានប្រកាស ឲ្យចូលនិវត្តន៍រួចទៅហើយ ដូច្នេះគេយល់ថាសិទ្ធិអំណាចនិងឥទ្ធិពល របស់លោក ឆាយ សុខា ហៅកុក ក៏ថមថយទៅតាមនោះផងដែរ ប៉ុន្តែគេចង់ឃើញលោក ប៉ែន រ័ត្ន ដែលជាស្នងការថ្មី ធ្វើការកែទម្រង់ឲ្យបានស៊ីជម្រៅ ដើម្បីលុបបំបាត់ភាពអសកម្ម អំពើបក្ខពួកនិយម ជាពិសេសបញ្ហាកុងត្រូលជជុះ របស់នគរបាលសេដ្ឋកិច្ច ខេត្តកំពង់ចាម។ មន្ត្រីមួយចំនួនក៏បាន លើកឡើងផងដែរថា ដើម្បីលុបបំបាត់ភាពអសកម្ម និងស្តារកិត្តិយស នគរបាលខេត្តកំពង់ចាម ឡើងវិញ រឿងដែលត្រូវធ្វើមុនគេ គឺការផ្លាស់ប្តូរតំណែងលោក ឆាយ សុខា ហៅកុក ទើបសង្ឃឹមថា ការកែទម្រង់អាចទទួលបានជោគជ័យ ព្រោះការដឹកនាំរបស់ ស្នងការជំនាន់មុនៗ បានបណ្តែតបណ្តោយ ឲ្យមានភាពអសកម្ម ស៊ីតាមជំនាញ មិនដែលខ្វល់ខ្វាយពី សេចក្តីណែនាំ របស់ថ្នាក់លើនោះទេ៕