រាជធានីភ្នំពេញ ៖
ស្ត្រីម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ចំណែកទ្វារផ្ទះក៏បានរង នូវការខូចខាតស្ទើរទាំងស្រុង ដោយសារតែកូនអ្នកមាន ប្រើប្រាស់រថយន្ត ស្ព័រស៊េរីទំនើប បើកបុកទាំងកំរោល កាលពីវេលាម៉ោង ១០និង៤០ នាទីយប់
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ នៅមុខផ្ទះលេខ៤៥ ផ្លូវ៣៦៩ ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ បង្កឲ្យមានការ ភ្ញាក់ផ្អើលទាំងយប់ ហើយអ្នកបើកបររថយន្តដែលស្ថិតក្នុងស្ថានភាព ស្រវឹងជោកជាំ បានរត់គេចខ្លួនបាត់ ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ តាំង អ៊ុយហុង ភេទប្រុស អាយុ ៥២ឆ្នាំ ជាអាជីវករលក់ដូរ ចំណែកស្ត្រីរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ ចៅ ហេង អាយុ ៧២ឆ្នាំ គ្មានទីលំនៅពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន មុខសំយាបផ្ទះរងគ្រោះ។ រថយន្តបង្កជាប្រភេទ ស្ព័រស៊េរីទំនើប ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2K-0001 អ្នកបើកបរ បានរត់គេចខ្លួនបាត់ ។ ប៉ុន្តបើតាមប្រភពព័ត៌មាន បានប្រាប់ថា អ្នកបើកបររថយន្ត មានទីលំនៅក្នុងសង្កាត់ច្បារអំពៅ២ ជិតផ្សារបន្លែច្បារអំពៅ ជាកូនអ្នកមានទ្រព្យធន នៅតំបន់នោះ។
នគរបាលចរាចរ ខណ្ឌមានជ័យបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ រថយន្តបង្កបើកបរលើផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ពេលមកដល់ផ្លូវលេខ៣៦៩ ជាផ្លូវកាត់ទទឹងផ្លូវបេតុង ធ្វើឲ្យអ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកទ្វារផ្ទះ ប្រជាពលរដ្ឋយ៉ាងពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យស្ត្រីរងគ្រោះ ដែលដេកនៅមុខផ្ទះ បោកផ្ទប់នឹងទ្វារ រងរបួសជាទម្ងន់ និងបានស្លាប់ យ៉ាងអាណោចអាធ័ម ។ ម្ចាស់ផ្ទះរងគ្រោះ បានខូចខាតទ្វារដែក ខាងមុខទាំងស្រុង ចំណែករថយន្តខូចខាតផ្អែកខាងមុខ ហើយត្រូវសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕