វ៉ាស៊ីនតោន ៖
អ្នកឃ្លាំមើលសាលាក្តីកាត់ទោសខ្មែរក្រហម
បានស្តីបន្ទោសអ.ស.ប.ចំពោះការរៀបចំរចនាសម្ព័ន្ធតុលាការកូនកាត់មិន
សមរម្យ ដោយនិយាយថា
សាលាក្តីនេះទំនងជាពិបាកនឹងបន្សល់ទុកនូវកេរដំណែលវិជ្ជមានមួយ។
 |
| លោកសាស្រ្តាចារ្យ ចន ស៊ីយ៉ូស៊ីយ៉ារី (John
Ciorciari) នៃសាកលវិទ្យាល័យមីជីហ្គ៊ែន (Michigan)
នៅក្នុងការធ្វើបទបង្ហាញអំពីសៀវភៅខ្មែរក្រហមថ្មីមួយកាលពី
ថ្ងៃព្រហស្បតិ៍នៅជ្ឈមណ្ឌលEast-West Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ |
នៅឯកិច្ចពិភាក្សាមួយស្តីពីសាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួម
ដោយអ.ស.ប.និងការធ្វើបទបង្ហាញអំពីសៀវភៅខ្មែរក្រហមថ្មីមួយកាលពី
ថ្ងៃព្រហស្បតិ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកវាគ្មិនសាស្ត្រាចារ្យ ចន
ស៊ីយ៉ូស៊ីយ៉ារី (John Ciorciari) នៃសាកលវិទ្យាល័យមីជីហ្គ៊ែន
(Michigan)បានថ្លែងថា
អ.ស.ប.បានបង្កើតរចនាសម្ព័ន្ធតុលាការមួយជាមួយកម្ពុជា
ដែលមិនអាចទុកកេរដំណែលល្អមួយបានទេ ក្រោយពេលបញ្ចប់។
ហើយរចនាសម្ព័ន្ធនោះធ្វើឲ្យអ.ស.ប.មានជំហរទន់ជ្រាយហួសហេតុ។
«អ.ស.ប.មានជំហរខ្សោយជារចនាសម្ព័ន្ធក្នុងតុលាការដែលជារឿងមិនអាច
ប្រកែកបាន។
ក៏ប៉ុន្តែអ.ស.ប.នៅតែជ្រើសរើសការបកស្រាយអំពីអំណាចរបស់ខ្លួនតាម
លក្ខណៈតូចតាច និងតាមរបៀបអភិរក្ស
ហើយមានជំហរផ្ទុយគ្នាក្នុងសំណុំរឿងស្ទើរតែទាំងអស់ចំពោះ
បូរណភាពកម្ពុជា និងសិទ្ធិជាម្ចាស់ប្រទេស។
រឿងនោះហើយដែលធ្វើឲ្យខូចដំណើរការសាលាក្តីនេះ»។
លោកថ្លែងយ៉ាងដូច្នេះប្រាប់ក្រុមអ្នកចូលរួមសំខាន់ៗមកពីតាមក្រសួង
អង្គការតាក់តែងគោលនយោបាយ
និងអ្នកស្រាវជ្រាវជាច្រើនក្នុងរដ្ឋធានីវ៉ាស៊ីនតោន
ក្នុងទីស្នាក់ការអង្គការតាក់តែងគោលនយោបាយរបស់ស.រ.អា.មួយឈ្មោះថា
មជ្ឈមណ្ឌល East West Center
នៅពេលលោកបង្ហាញចំណុចសំខាន់ៗនៃសៀវភៅខ្មែរក្រហមឈ្មោះថា Hybrid
Justice: Trials and Errors at the Extraordinary Chambers in the
Court of Cambodia។ លោកចន ស៊ីយ៉ូស៊ីយ៉ារី
បានសរសេរសៀវភៅនេះជាមួយនឹងលោកស្រី អាន ហេនដេល (Anne Heindel)
ជាទីប្រឹក្សាច្បាប់របស់មជ្ឈមណ្ឌលស្រាវជ្រាវឯកសារកម្ពុជា DC-Cam។
លោកស៊ីយ៉ូស៊ីយ៉ារី បានបញ្ជាក់ថា
មានច្បាប់និងវិធានជាច្រើនចែងមិនច្បាស់ និងមានភាពស្រពិចស្រពិល
ហើយនាំឲ្យមានការលំបាកក្នុងការអនុវត្ត។ លោកបានលើកយកបញ្ហា
ដែលមិនអាចរកដំណោះស្រាយរួមបាន
ហើយធ្វើឲ្យដំណើរការកាត់ទោសខ្មែរក្រហមយឺតយ៉ាវនោះ មកបញ្ជាក់ថា
ភាគីអ.ស.ប.ក្នុងសាលាក្តីកាត់ទោសខ្មែរក្រហមត្រូវការសំឡេងគាំទ្រភាគ
ច្រើនដាច់ខាតពីភាគីកម្ពុជាគឺមានន័យថា
ចៅក្រមភាគីអ.ស.ប.ត្រូវការចៅក្រមម្នាក់ពីខាងភាគីកម្ពុជាយ៉ាងតិចមុន
នឹងសម្រេចឲ្យមានការស៊ើបអង្កេត ការចោទប្រកាន់
ការចាប់ខ្លួនជនសង្ស័យ
និងសម្រេចដោះស្រាយលើរឿងខ្វែងគំនិតគ្នាដែលប្រើពេលវេលាយ៉ាងយូរ
នោះ។
ម្យ៉ាងទៀត សាលាក្តីនេះត្រូវបានគេចោទប្រកាន់ថា
មានការជ្រៀតជ្រែកផ្នែកនយោបាយ
ហើយនឹងដំណើរការរឿងក្តីភាគច្រើនទៅតាមច្បាប់កម្ពុជា ដែលគេដឹងថា
ងាយនឹងឲ្យភាគីកម្ពុជារារាំងដំណើរការកិច្ចការតុលាការបានយ៉ាងស្រួល
ជាពិសេសសំណុំរឿងណាដែលខ្លួនមិនចង់ឲ្យដើរទៅមុខ។ មួយវិញទៀត
ការខ្វែងគំនិតគ្នានេះបានធ្វើឲ្យជនជាប់ចោទតា ម៉ុក
មេបញ្ជាការកងទ័ពខ្មែរក្រហមកំពូល អៀង សារី
រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហម ស្លាប់ក្នុងពន្ធធនាគារ
មុនការកាត់ទោស។ ហើយជនសង្ស័យម្នាក់ទៀតគឺ លោក ស៊ូ
ម៉េតនៃសំណុំរឿង០០៣ បានស្លាប់កាលពីពាក់កណ្តាលឆ្នាំទៅ
មុនការចាប់ឃុំឃាំងនោះផងដែរ។
«កេរដំណែលសាលាក្តីនេះស្ថិតនៅក្នុងភាពមន្ទិលខ្លាំងណាស់។
បញ្ហាបច្ចេកទេសវាងាយស្រួលជាង។
វាងាយស្រួលក្នុងការបញ្ចុះបញ្ចូលនរណាម្នាក់ឲ្យប្រើកំណត់ត្រាតាម
ប្រព័ន្ធកុំព្យូទ័រជាងការដែលទៅបញ្ចុះបញ្ចូលនរណាម្នាក់ឲ្យឈប់ទទួល
បទបញ្ជាពីថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាល។
បញ្ហាពិតប្រាកដចំពោះនីតិរដ្ឋក្នុងប្រទេសកម្ពុជាមិនគ្រាន់តែប្រភេទ
នៃការប្រឈមមុខផ្នែកបច្ចេកទេសទេ
តែរឿងសំខាន់នោះគឺបញ្ហានយោបាយផងដែរ»។
លោកសាស្ត្រាចារ្យអាមេរិកាំង ភីធ័រ ម៉ាខ្វៃអឺ (Peter Maguire)
អ្នកនិពន្ធសៀវភៅខ្មែរក្រហមហៅថា Facing Death in Cambodia ឬហៅថា
ការប្រឈមមុខនឹងសេចក្តីស្លាប់ក្នុងប្រទេសកម្ពុជា
បានស្តីបន្ទោសអ.ស.ប.ដែលពន្យារពេលក្នុងការរកយុត្តិធម៌
ដោយសារតែការទទួលយកប្រព័ន្ធតុលាការកូនកាត់នេះ។ លោកថ្លែងថា
បើទោះបីជាកម្ពុជាមិនព្រមក្តី
អ.ស.ប.គួរតែឲ្យកម្ពុជារៀបចំការកាត់ទោសដោយខ្លួនឯងឬគ្រប់គ្រង
តុលាការទាំងស្រុងដូចអ.ស.ប.ធ្វើនៅក្នុងប្រទេសផ្សេងៗទៀតដែរ។
«តែការព្យាយាមបញ្ចូលគ្នាដោយមានសំឡេងគាំទ្រភាគច្រើនដាច់ខាតពី
កម្ពុជានោះគឺជាប្រព័ន្ធតុលាការដ៏ស្មុគស្មាញ
និងអាក្រក់ជាងគេបំផុតដែលខ្ញុំឃើញក្នុងប្រវត្តិតុលាការ
អន្តរជាតិ»។
លោកថ្លែងថា
ជារឿងដែលតុលាការនេះអាចជួយសង្គ្រោះមុខមាត់បានវិញខ្លះដែរ
ប្រសិនបើតុលាការនេះអាចកាត់ទោសសំណុំរឿង០០២បានចប់ក្នុងពេលដែលជន
ជាប់ចោទមានវ័យជាង៨០ឆ្នាំទាំងពីរគឺនួន ជា និង ខៀវ សំផន
អតីតមេដឹកនាំខ្មែរក្រហមនៅមានជីវិត។
សាលាក្តីកាត់ទោសខ្មែរក្រហមកំពុងដំណើរការយ៉ាងយឺតលើសំណុំរឿងនីមួយៗ
ជាពិសេសសំណុំរឿង០០២វគ្គ១ និងសំណុំរឿង០០២វគ្គ២
នៅក្នុងតុលាការពិសេសកូនកាត់ដែលរៀបចំរវាងអ.ស.ប.និងរដ្ឋាភិបាល
កម្ពុជា។
សាលាក្តីនេះមិនទាន់ដាក់កាលបរិច្ឆេទដើម្បីកាត់ទោសវគ្គទី២នៃ
សំណុំរឿង០០២ទេ ទោះបីជាវគ្គទី១បានកាត់ទោសចប់
ហើយរង់ចាំតែសាលក្រមក្តី។ ក្រុមអ្នកវិភាគជាច្រើនបានអះអាងថា
ការពន្យារពេលដោយសារការខ្វែងគំនិតគ្នានេះជារឿងដែលពន្យារការស្វែង
រកយុត្តិធម៌ និងធ្វើឲ្យជនរងគ្រោះមិនសប្បាយចិត្ត។
ភាពយឺតយ៉ាវនេះធ្វើឲ្យមានការដាក់សម្ពាធពីម្ចាស់ជំនួយ ដែលបានផ្តល់ជំនួយ ហើយចង់ឃើញយុត្តិធម៌ដ៏ឆាប់នោះ។
ដោយមិនទាន់មានការសន្យាផ្តល់ថវិកាថ្មី
មន្ត្រីសាលាក្តីនេះថ្លែងថា អាចខ្វះថវិកានៅដើមឆ្នាំ២០១៤
ដែលគេគិតថា
អ.ស.ប.និងម្ចាស់ជំនួយនិងភាគីពាក់ព័ន្ធត្រូវពិភាក្សាគ្នាដើម្បី
ធានាការកាត់ទោសដំណើរការទៅមុខ ដោយគ្មានការពន្យារពេល
និងបាតុកម្មមិនចូលធ្វើការទៀត។
តែលោកបណ្ឌិតចន ស៊ីយ៉ូស៊ីយ៉ារីបានអះអាងថា
ភាគីពាក់ព័ន្ធនានាមិនអាចមិនអើពើរឿងការផ្តល់ថវិកាដែលខ្លួនបាន
សន្យាថា នឹងបំពេញសម្រាប់ដំណើរការកាត់ទោសខ្មែរក្រហមនោះទេ។
«ជាថ្មីម្តងទៀត ប្រសិនបើសហគមន៍អន្តរជាតិចូលរួមពាក់ព័ន្ធ
ហើយបង្កើតបាននូវអាណត្តិដ៏មានមហិច្ឆតាសម្រាប់ស្ថាប័នមួយដូច្នេះ
គេត្រូវតែមានលទ្ធភាពផ្តល់ការធានាដ៏គួរឲ្យជឿជាក់បានមួយថា
ថវិកានឹងមានគ្រប់គ្រាន់ដើម្បីបំពេញការងារ»។
លោកបានបន្ថែមថា
អ.ស.ប.គួររៀនសូត្រជាមេរៀននូវប្រភេទតុលាការក្នុងប្រទេសកម្ពុជានេះ
ហើយមិនគួរយកធ្វើជាគម្រូ និងមិនគួរកើតម្តងទៀតទេ។
សាលាក្តីខ្មែរក្រហមដែលចាប់ផ្តើមកាលពីឆ្នាំ២០០៦បានចំណាយទឹកប្រាក់
ជាង២០០លានដុល្លារស.រ.អា.
ហើយកាត់ទោសបានតែជនជាប់ចោទម្នាក់ប៉ុណ្ណោះគឺកាំង ហ្កេចអ៊ាវ
ហៅឌុច ប្រធានគុកទួលស្លែងស ២១។
សំណុំរឿង០០២ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសំខាន់ៗទាក់ទងនឹងការកាប់
សម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០នោះ
គេមិនទាន់កំណត់ជាក់លាក់ថា
ត្រូវកាត់ទោសពេលណាលើវិសាលភាពនៃឧក្រិដ្ឋកម្មអ្វីខ្លះនោះទេ។
ចំណែកសំណុំរឿងបន្ថែម០០៣ និង០០៤ដ៏ចម្រូងចម្រាស
ដែលរដ្ឋាភិបាលធ្លាប់ប្រកាសថា មិនចង់ឲ្យកាត់ទោសនោះ
នៅមិនទាន់ឃើញមានដំណើរការទៅមុខនៅឡើយដែរ
ដោយសារតែមានការជ្រៀតជ្រែកផ្នែកនយោបាយ
និងការខ្វែងគំនិតគ្នារវាងសហចៅក្រមអ.ស.ប. និងកម្ពុជា
ដូចជាសហព្រះរាជអាជ្ញាផងដែរនោះ។
លោកចន ស៊ីយ៉ូស៊ីយ៉ារី បានទទូចថា ជាមេរៀនផងដែរសម្រាប់
អ.ស.ប.ដែលត្រូវទាមទារអំណាច
និងគ្រប់គ្រងឲ្យបានខ្លាំងនៅពេលចូលរួមពាក់ព័ន្ធនឹងកិច្ចការ
តុលាការនេះ៕