រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចកង
រាជអាវុធហត្ថខណ្ឌចំការមន ចាប់ឃាត់ខ្លួន ខណៈដែលជននេះ
បានផ្ទុះអាវុធបណ្តាលឲ្យមេការ ភោជនីយដ្ឋានបុប្ផាចំការមនម្នាក់រងរបួស
ដែលហេតុការណ៍ចាប់ ឃាត់ខ្លួនជនបង្កនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៥០នាទី
យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ មករា ២០១៤
នៅចំណុចភោជនីយដ្ឋានបុប្ផាចំការមន ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥
សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ជនបង្កមានឈ្មោះ រ៉ុន ណាំគា ភេទប្រុស អាយុ ៣៣ឆ្នាំ
មុខរបរជាមន្រ្តីនគរបាល នាយកដ្ឋានអន្តរាគមន៍ក្រសួងមហាផ្ទៃ
មានទីលំនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជិះរថយន្តកាមរីស៊េរីទំនើប ១គ្រឿង ពណ៌ស
ពាក់ស្លាកលេខ ភ្នំពេញ 2X-1267 ប្រដាប់ដោយកាំភ្លើងខ្លីស៊េរីទំនើបម៉ាកឡុក
១ដើម។ ចំណែកជនរងគ្រោះឈ្មោះ ម៉ាប ភេទប្រុស
ជាមេការនៅភោជនីយដ្ឋានបុប្ផាចំការមន បានរងរបួសកំប៉េះគូទឆ្វេង។
តាមប្រភពព័ត៌មានដំបូង បានឲ្យដឹងថា
មូលហេតុដែលបណ្តាលឲ្យមានការផ្ទុះអាវុធ គឺដោយសារជនរងគ្រោះ
ដែលជាមេការបានមកប្រាប់ជនបង្កថា ដល់ម៉ោងបិទហាង តែជនបង្កមិនព្រមចេញ
ក៏បង្កជាជម្លោះពាក្យសម្ដី ហើយឈានទៅដល់បាញ់បោះបង្កជារបួសស្នាម៕