បច្ចុប្បន្ន Facebook ជាបណ្ដាញទំនាក់ទំនងសង្គមមួយ ដែលកំពុងទទួលការការពេញនិយមប្រើបំផុតសម្រាប់យុវវ័យនៅប្រទេសកម្ពុជា ព្រោះបណ្ដាញទំនាក់ទំនងនេះផ្ដល់ភាពងាយស្រួលក្នុងការចែកចាយ រូបភាព ព័ត៌មាន និងការផ្សព្វផ្សាយផ្សេងៗ។
ប៉ុន្តែក្នុងឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា អ្នកលេងមួយចំនួនជាពិសេសយុវតី ដោយចង់ឱ្យគេចុច Like ច្រើនបានចំណាយដើមទ្រូងលើបណ្ដាញទំនាក់ទំនងមួយនេះ។ តើយុវវ័យយល់យ៉ាងណាចំពោះអ្នកចូលចិត្តបង្ហោះរូបបង្ហាញដើមទ្រូង?
លី ឌីណា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា មនុស្សម្នាក់ៗពេលបង្ហោះអ្វីមួយលើ Status គឺគោលបំណងចង់ឱ្យគេដឹងនិងចុច Like ម្ល៉ោះហើយគេតែងធ្វើអ្វីប្លែកៗ។ ចំណែកនារីដែលចូលចិត្តបង្ហោះរូបចំហដើមទ្រូងក៏ដូចគ្នាដែរ ប៉ុន្តែធ្វើបែបនេះវាមិនល្អទេសម្រាប់នារីខ្មែរ ហើយបើលោកវិញនឹងមិនចុច Like ទេ។
ចំណែកនិស្សិតឯកទេសសំណង់ស៊ីវិល ទិត ពិសី មកពីសាកលវិទ្យាល័យមេគង្គកម្ពុជាបានឱ្យដឹងថា ក្រោយយុវវ័យខ្មែរចេះប្រើ Facebook ស្ទើរតែគ្រប់គ្នាមក ប្អូនតែងឃើញនារីៗមួយចំនួនបង្ហោះរូបសិចស៊ីល្វែងលើ ដើម្បីបានការទាក់ទាញ (ចុចlike) និងចង់ល្បី។ និស្សិតឆ្នាំទី៣ ពិសី ថា “ទោះបីជាចង់បានការចាប់អារម្មណ៍យ៉ាងណាក្ដី តែការបង្ហោះរូបបែបនេះ ជាទង្វើមិនល្អព្រោះវាធ្វើឱ្យខូចប្រពៃណីខ្មែរ”។
មិនខុសពី ពិសី កញ្ញា ស្រីល្ខណ៍ បានលើកឡើងថា ១០០% គឺចង់ឱ្យគេ Like ហើយបើនិយាយថា ពួកគេជានារីចិត្តងាយឬយ៉ាងណានោះ កញ្ញាសុំមិននិយាយដោយលើកថា មិនអាចស្មានចិត្តមនុស្សដឹង។ “ខ្ញុំថាអ្នកទាំងនោះអាចជានារីមិនល្អ បើល្អគេមិនបង្ហោះមិនធ្វើអីចឹងឡើយ ហើយទង្វើនេះជាសក្ខីភាពនាំឱ្យគេអាចនឹងមើលងាយដល់ស្ត្រីខ្មែរ”។
ចំណែកលោក នឹម វណ្ណដា និស្សិតធនធានរ៉ែ និងភូកូព្ធសាស្រ្ត នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា គូសបង្ហាញថា “ខ្ញុំយល់ស្របចំពោះ ការចង់បានភាពទាក់ទាញ ប៉ុន្តែវាមិនល្អទេសម្រាប់យុវតីខ្មែរ”។
ដោយឡែកកញ្ញា វណ្ណ សុធារី និយាយថា រឿងចិត្តងាយឬមិនងាយ ល្អឬមិនល្អ សុធារី មិនអាចវាយតម្លៃបានឡើយ ប៉ុន្តែបើរឿងថា បង្ហោះរូបល្វែងលើ ឱ្យគេចាប់អារម្មណ៍ពីអ្នកលេង Facebook កញ្ញាគាំទ្រ១០០% ដែរ។ អ្នកលក់កាសែតរូបនេះថា “បើអាចធ្វើបាននារីខ្មែរ គួរកុំបង្ហោះរូបភាពណាធ្វើឱ្យអាប់ឱនខ្លួនឯង គ្រួសារ និងសង្គម”។
Facebook ជាបណ្ដាញទំនាក់ទំនងសង្គមមួយ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការនាំសារផ្សេងៗ ដែលប្រទេសមួយចំនួនលើលោកត្រូវការ។ យ៉ាងណាមិញ នៅកម្ពុជាក៏កំពុងតែចូលចិត្តបណ្ដាញមួយនេះដែរ ហើយក្នុងនោះមានអ្នកប្រើប្រហែល ៧០ម៉ឺននាក់ ប៉ុន្តែគណនី Active មានប្រហែល៦០ម៉ឺននាក់៕