ប្រជាសហគមន៍បឹងកក់ប្រមាណ២០០នាក់ បិទផ្លូវនិងដុតកង់ឡានមុខសាលារាជធានីភ្នំពេញជាថ្មី ដើម្បីទាមទារឲ្យអភិបាលរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាផ្តល់សំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់រហ័ស។
នៅរសៀលថ្ងៃចន្ទនេះប្រជាសហគមន៍បឹងកក់ ពីរក្រុមតវ៉ារួមគ្នា គឺប្រជាសហគមន៍ដែលទទួលបានសំណងហើយ និងប្រជាសហគមន៍ដែលមិនទាន់ទទួលបានសំណង បានដុតកង់ឡានបន្ទាប់ពីពួកគេចូលជួប មន្ត្រីសាលារាជានីភ្នំពេញ ហើយមិនបានទទួលដំណោះស្រាយតាមការទាមទាររបស់ពួកគេ។
ប្រជាសហគមន៍ដែលទទួលសំណងហើយ ទាមទារសំណងបន្ថែមទៀត ដោយពួកគេអះអាងថា សំណងដែលក្រុមហ៊ុន បង្ខំឲ្យពួកគេទទួលពីមុននោះតិចតួចមិនសម និងតម្លៃដី។ ចំណែកប្រជាសហគមន៍ ដែលមិនទាន់ទទួលសំណងទាមទារឲ្យអាជ្ញាធរពន្លឿនការវាស់វែងដី ផ្តល់ប័ណ្ណកម្ម សិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់ ដើម្បីជៀសវាងការបណ្តេញចេញដោយបង្ខំទៀត។
កាលពីពេលព្រឹក ប្រជាសហគមន៍បឹងកក់ជាង១០០នាក់ បានបិទផ្លូវម្តងរួចមកហើយ គឺចាប់ពី ម៉ោង៩ ហើយដល់ម៉ោងជាង១០ព្រឹកពួកបើកឲ្យមានចរាចរណ៍ធម្មតាវិញ បន្ទាប់ពីមានការ សម្របសម្រួល ពីមន្ត្រីសាលារាជធានីភ្នំពេញ។ តែដោយមិនទទួលបានដំណោះស្រាយ ទើបប្រជាសហគមន៍ចាប់ផ្តើមបិទ ជាថ្មីនៅរសៀលនេះទៀត។

Source : VOD