អនុប្រធានគណបក្សសង្គ្រោះជាតិជំរុញឲ្យលោកនាយករដ្ឋមន្ដ្រីហ៊ុនសែនចុះចេញពីតំណែងព្រោះពេលវេលាមកដល់ ហើយដើម្បីបញ្ឈប់ការគ្រប់គ្រងប្រទេសបែបផ្ដាច់ការហើយទទួលយកសម្ពាធរបស់ប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ។
នៅចំពោះមុខហ្វូងបាតុករាប់សែននាក់កាលពីយប់ថ្ងៃអាទិត្យទី២២ខែធ្នូ លោកកឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងបែបចំអកដល់លោកហ៊ុនសែនថាពេលវេលាដែលលោកត្រូវគិតគូរដើម្បីចុះចេញពីអំណាចបានមកដល់ហើយព្រោះពេលនេះប្រជាពលរដ្ឋលែងត្រូវការលោកទៀតហើយ។លោកបន្ដថាបើលោកចុះចេញនៅពេលនេះប្រហែលជាប្រជាពលរដ្ឋអនុគ្រោះឲ្យលោកបើទោះបីលោកមានកំហុសធំប៉ុនណាក៏ដោយ។
ជាមួយនឹងការថ្លែងរិះគន់មេដឹកនាំគណបក្សប្រជាជនកម្ពុជា លោក កឹម សុខាបានប្រាប់ថាសន្ទុះប្រជាពលរដ្ឋដែលបានមកគាំទ្រគណបក្សសង្គ្រោះជាតិនៅពេលនេះ គឺមិនចុះញ៉មការគំរាមកំហែងរបស់គណបក្សប្រជាជនឡើយ។លោកកឹមសុខាក៏បានថ្លែងសរសើរដោយកងកំលាំងអាជ្ញាធរទាំងប៉ូលីសទាំងប៉េអ៊ឹមនិងកងទ័ពដែលមានចិត្តអត់ធ្មត់ហើយបែរជាជួយខិតខំការពារហ្វូងបាតុកររបស់លោក។
លោកឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រាប់វីអូឌីថា ការតវ៉ារបស់ក្រុមប្រឆាំងមិនធ្វើលោកចាប់អារម្មណ៍ឬឈឺក្បាលអ្វីឡើយ។
កាលពីថ្ងៃទី២០ធ្នូ លោកហ៊ុន សែនបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា បាតុកម្មរបស់ បក្សប្រឆាំងទាមទារឲ្យលោកចុះចេញពីតំណែងថាជាអំពើខុសរដ្ឋធម្មនុញ្ញ ។ លោកថាលោកបានជាប់ឆ្នោតតាមរយៈការបោះឆ្នោត គឺលោកត្រូវចុះចេញវិញតាមការបោះឆ្នោត គឺជារឿង ត្រឹមត្រូវ ប៉ុន្តែលោកបញ្ជាក់ថា មិនមានការបោះឆ្នោតឡើងវិញ ឡើយ។
មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងលោកសមរង្ស៊ីនិងលោកកឹមសុខាបានព្រមានដូចៗគ្នាថានឹងធ្វើបាតុកម្មទ្រង់ទ្រាយធំដូចនេះទៀតនៅថ្ងៃអាទិត្យទី២៩ខែធ្នូហើយ បើចំនួនកាន់តែកើនឡើងទៀតនោះគឺជាការបង្ហាញថាប្រជាពលរដ្ឋខ្មែរពិតជាលែងត្រូវការការកាន់អំណាចរបស់គណបក្សប្រជាជនទៀតហើយ៕
Source: VOD