ខេត្តបន្ទាយមានជ័យ ៖ រថយន្តជាច្រើនគ្រឿងរបស់អ្នកចូលទៅដឹកហ្គាសលើដីថៃកាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២៣ ធ្នូ ២០១៣ បានលើកគ្នាយករថយន្តទៅចតបិទផ្លូវនៅចំណុចគល់ស្ពានមិត្តភាពកម្ពុជាថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះខឹងនឹងសមត្ថកិច្ចថៃមិនអនុញ្ញាតឱ្យពួកគេចូលទៅដឹកហ្គាសតាមការកំណត់ចំណុះរបស់អាជ្ញាធរក្រុងប៉ោយប៉ែត។
ការលើកគ្នាយករថយន្តទៅចតបិទផ្លូវនេះ គេសង្កេតឃើញសមត្ថកិច្ចថៃ រួមទាំងទូរទស្សន៍ និងអ្នកយកព័ត៌មានរបស់ថៃបានមកកាន់ស្ពានមិត្តភាពនេះដែរ ព្រោះចង់ដឹងពីមូលហេតុ។
ក្រុមអ្នកមានយានយន្តនិយាយថា កន្លងមកអាជ្ញាធរក្រុងបានចេញសេចក្តីជូនដំណឹង១ច្បាប់ថា រថយន្តដែលចូលទៅដឹកហ្គាសលើដីថៃមិនអនុញ្ញាតឱ្យលើសចំណុះ៨០គីឡូក្រាមឡើយ។ ពួកគាត់បន្តថា យោងលើសេចក្តីជូនដំណឹងនេះ ពួកគាត់ក៏នាំគ្នាចូលទៅដីថៃដូចធម្មតាបែរជាសមត្ថកិច្ចថៃមិនអនុញ្ញាត មិនតែប៉ុណ្ណោះថែមទាំងចាប់ទុកឱ្យដកធុងចេញទើបនាំគ្នាលើកគ្នាបិទផ្លូវតែម្តង ។
ពួកអ្នកមានយានយន្តនិយាយថា បើភាគីថៃតឹងតែងលើរថយន្តរបស់ខ្មែរដែលចូលទៅដីថៃពួកគេនឹងបិទផ្លូវមិនឱ្យរថយន្តថៃចូលមកដីខ្មែរដូចគ្នា។ ទោះជាយ៉ាងណាដោយសារសមត្ថកិច្ចនៅមាត់ច្រកទ្វារបានប្រើពាក្យធ្ងន់ថា បើមិននាំគ្នាយករថយន្តចេញទេសមត្ថកិច្ចនឹងយករថយន្តស្ទូចមកស្ទូចរថយន្តទៅរក្សាទុក ពេលនោះក្រុមអ្នកមានរថយន្តក៏នាំគ្នាយករថយន្តចេញពីចំណុចនេះ តែមកផ្តុំគ្នាបិទផ្លូវនៅឯចំណុចរង្វង់មូលឆ្ងាយពីព្រំដែនប្រហែល៣០០ម៉ែត្រដដែលដើម្បីទាមទារឱ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជារកដំណោះស្រាយជូនពួកគេ៕



ប្រភព កោះសន្តិភាព