ក្មេងស្រី៥នាក់ បានរងនូវការរលាកដ៏ធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើង ក្រោយពីពួកគេ រងគ្រោះថ្នាក់ដោយរបស់ម្យ៉ាង ដែលផ្ទះភាគច្រើនតែងតែមាន។
តាមរបាយការណ៍បានឲ្យដឹងថា ក្មេងស្រីទាំង៥នាក់ គឺជាអ្នករស់នៅក្នុងសហរដ្ឋអាមេរិក ដែលមាន២នាក់ជាបងប្អូននឹងគ្នា និងមានឈ្មោះថា Jewels អាយុ ១២ និង Jazmyn អាយុ ៩ឆ្នាំ។ នៅក្នុងថ្ងៃដែលមានរឿងនោះ គឺជាថ្ងៃដែលផ្ទះរបស់ផ្ទះពីរនាក់បងប្អូននេះ ធ្វើពិធីជប់លៀងនៅអាងហែលទឹក ដែលនៅក្នុងនោះ មានមនុស្សចូលរួមជាច្រើន។ យ៉ាងណាមិញ នៅក្បែរអាងហែលទឹក ដែលនៅជាប់របងផ្ទះនេះ មានដើមក្រូចឆ្មារមួយ យ៉ាងធំរបស់អ្នកជិតខាង ដែលមានមែកសំយ៉ាបចុះមកផងដែរ ជាមួយគ្នានោះ ផ្លែក្រូចឆ្មារជាច្រើន ក៏ធ្លាក់ចុះមកក្បែរអាងហែលទឹកផងដែរ។ ឃើញបែបនេះ ក្មេងទាំង៥នាក់នេះ បានយកក្រូចឆ្មារ មកច្របាច់លេង ដាក់គ្នា ដែលភ្លាមៗនោះ មិនទាន់ឃើញមានប្រតិកម្មអ្វីនោះទេ។
តែនៅស្អែក អ្នកទាំង៥ក៏ចាប់ផ្ដើម មានអាការៈ ដូចជាដំបូងឡើងស្នាមក្រហម កន្ទួល ហើយក្រោយមក ក៏ឡើងពងបែក ដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើង និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ដែលតាមការបញ្ជាក់ពីគ្រូពេទ្យ អ្នកទាំង៥រង នូវការរលាកនេះ ១៥ភាគរយនៃខ្លួនប្រាណ។
យ៉ាងណាមិញ ក្រូចឆ្មារមានផ្ទុកនូវសារជាតិគីមី ដែលអាចបណ្ដាលឲ្យស្បែក ងាយស្រួលនឹង រងការរលាក និងមានបញ្ហាដ៏គួរឲ្យរន្ធត់ ស្របពេលដែលនៅចំកម្ដៅថ្ងៃទៀតនោះ។ ជាមួយគ្នានោះ ក្មេងស្រីទាំងនេះ នឹងត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យ ២សប្ដាហ៍ ដើម្បីធ្វើការព្យាបាល ហើយពួកគេហាមដាច់ខាត មិនឲ្យត្រូវកម្ដៅថ្ងៃ យ៉ាងតិច ៦ខែ។
ទាំងនេះគឺជាមេរៀនមួយ ដែលឪពុកម្ដាយគ្រប់រូប គួរតែយកចិត្ដទុកដាក់ ទៅលើបរិស្ថានជុំវិញ ផ្ទះ និងគ្រប់ទីកន្លែង នៅពេលដែលកូន ឬក្មេងៗត្រូវនៅក្បែរនោះ៕
រូបភាព ដែលរងនូវគ្រោះថ្នាក់



រូបភាពក្មេងស្រីទាំង៥នាក់