ព្រះសង្ឃប្រមាណជា៣០០អង្គ ដឹកនាំប្រជាពលរដ្ឋជាង១០០០នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ តវ៉ានៅខាងមុខក្រសួងធម្មការ និងសាសនា ទាមទារឲ្យដករដ្ឋមន្ត្រីស្ថាប័នមួយនេះ និងជំរុញឲ្យស្ថាប័នផ្សេងៗស្វែងរកព្រះសារីរិកធាតុ។
ព្រះសង្ឃមានសង្ឃដីកានៅកន្លែងតវ៉ាខាងមុខក្រសួងថា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថាប័នរដ្ឋមួយនេះ បណ្តាលឲ្យមានការមើលងាយប្រមាថព្រះសង្ឃជាបន្តបន្ទាប់។ ព្រះសង្ឃ ក៏បានជំរុញឲ្យស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នទាក់ទង ជួយស្វែងរកព្រះសារីរិកធាតុ ដែលត្រូវបានបាត់បង់កាលពីកន្លងទៅ។
ព្រះសង្ឃ បានប្រកាសថា ព្រះសង្ឃដែលចូលរួមតវ៉ានៅពេលនេះ ជាសង្ឃពិតប្រាកដ មិនមែនក្លែងក្លាយនោះទេ។
រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក មិន ឃិន ប្រាប់VODយ៉ាងខ្លីថា លោក មិនបានធ្វើអ្វីខុសទេ។
ព្រះសុវណ្ណកោដ្ឋតម្កល់សារីរិកធាតុព្រះពុទ្ធ និងវត្ថុមានតម្លៃផ្សេងទៀត ក្នុងព្រះសក្យមុនីចេតិយ នៅលើភ្នំឧត្តុង្គ បានបាត់កាលពីយប់រំលងអាធ្រាតថ្ងៃទី៩ ខែធ្នូ ឈានចូលថ្ងៃទី១០៕
Source : VOD