ភ្នំពេញ: លោក សម រង្ស៊ី ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២៨ធ្នូ បានជូនពរឆ្នាំថ្មី ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចហ៊ុនសែន ឲ្យជួបប្រទះនូវសេចក្តីសុខ សម្រាប់ឆ្នាំថ្មី។ ក្នុងនោះ លោកសមរង្ស៊ី ក៏បានប្រកាសអំពាវនាវ ឲ្យមានកិច្ចជជែកចរចាដោយបើកចំហរទ្រង់ទ្រាយធំ នៅសប្តាហ៍ក្រោយ ដើមខែមករា ឆ្នាំ២០១៤។
លោក សម រង្ស៊ី បានថ្លែងថា ចាប់ពីថ្ងៃទី១ ថ្ងៃទី២ និងថ្ងៃទី៣មករា សប្តាហ៍ក្រោយ គណបក្សសង្គ្រោះជាតិ ស្នើឲ្យមានការជួបជុំទ្រង់ទ្រាយធំមួយ រវាងថ្នាក់ដឹកនាំគណបក្សនយោបាយ និងសង្គមស៊ីវិលធំៗ ជួបគ្នា ដោះស្រាយបញ្ហាប្រទេសជាតិ។ កិច្ចចរចានោះ ត្រូវបើកចំហរ ដោយមានប្រជារាស្ត្រចូលស្តាប់ផងដែរ។
បញ្ហាជាតិ ដែលលោក សម រង្ស៊ី លើកឡើងនោះ រួមមាន ការតវ៉ាលើបញ្ហាសិទ្ធិមនុស្ស និងបញ្ហាកម្មកររោងចក្រ ជាដើម។
យ៉ាងណាក៏ដោយ ក្នុងសន្និសីទកាសែត លោក កឹម សុខា បានប្រកាសថា ជាមួយនឹងការប្រកាសវិលមកចូលតុចរចាវិញ នៅអាទិត្យក្រោយ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនបោះបង់ចោលនូវការធ្វើបាតុកម្មតវ៉ាឲ្យមានការបោះឆ្នោតឡើងវិញទេ។ ជាបាតុកម្ម ដែលត្រូវធ្វើឡើងដោយអហិង្សាជារៀងរាល់ថ្ងៃ តាមការគ្រោង៕
Source :CEN