ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដម៉ាកឡិចស៊ីស ដែលគេដឹងថាបើកបរដោយបុរសជនជាតិបរទេស និងម៉ូតូរ៉ឺម៉កដែលបើកបរបញ្ច្រាសទិសគ្នាបានកើតឡើងបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូរ៉ឺម៉កស្លាប់ ក្រោយពីបញ្ជូនមកកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ឋិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខស្ថានីយ៍ ប្រេងឥន្ធនៈតូតាល់ ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុន ចិន្ដា អាយុ៥៦ឆ្នាំ មានទីលំនៅភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីរថយន្ដម៉ាកឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-9280 បើកបរដោយបុរសឈ្មោះ សៀង ស៊ិនសុង អាយុ៤៥ឆ្នាំ ជនជាតិចិន អាសយដ្ឋានក្នុងប័ណ្ណបើកបរនៅភូមិគ្រួស ឃុំរប្អៀរ ស្រុលរលាប្អៀរ ខេត្តកំពង់ឆ្នាំង មានអាយុជាង៤០ឆ្នាំ ក្រោយកើតហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរភ្លាមៗនៅអធិការខណ្ឌ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ភាគីខាងរថយន្ដបានបើកបរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្លងផ្លូវមកខាងឆ្វេងដៃ ស្របពេលនោះក៏មាន ម៉ូតូរ៉ឺម៉កម៉ូតូ ដែលបើកបរបញ្ច្រាសទិសក្នុងល្បឿនលឿន ក៏បានជ្រុលមកបុកចំទ្វាររថយន្ដខាងស្ដាំពេញទំហឹង បណ្ដាលឱ្យអ្នក បើកបររងរបួសហូរឈាមស្រោចខ្លួន ហើយបានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យ៕
