ភ្នំពេញ: លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីនហ្ស៊ូ អាបេ បានព្រមព្រៀង បញ្ជូនអ្នកបច្ចេកទេសជប៉ុន មកកម្ពុជា ដើម្បីកែទម្រង់ការបោះឆ្នោត នៅកម្ពុជា។ ជាការព្រមព្រៀង ទៅតាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំ នៅទីក្រុងតូក្យូ ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៧ធ្នូម្សិលមិញ។
ក្នុងពេលអមដំណើរសម្តេចនាយករដ្ឋមន្ត្រី វិលត្រឡប់ មកពីជប៉ុន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រលប់ ថ្ងៃទី១៧ធ្នូ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់ក្រុមអ្នកកាសែត អំពីការឯកភាពរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ក្នុងការជួយដល់កម្ពុជា លើកំណែទម្រង់បោះឆ្នោត។
ប៉ុន្តែលោក កៅ គឹមហួន មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ ដែលក្រុមអ្នកបច្ចេកទេស ស្រាវជ្រាវជប៉ុន ដែលនឹងមកកម្ពុជានោះទេ។
ជាមួយគ្នានោះ នៅប្រទេសជប៉ុន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីនហ្ស៊ូ អាបេ បានព្រមព្រៀងបង្កើនទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ជាដៃគូយុទ្ធសាស្ត្រ រួមទាំងបង្កើនសហប្រតិបត្តិការលើវិស័យយោធា។ កិច្ចព្រមព្រៀងជាច្រើន សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ក៏ត្រូវបានចុះហត្ថលេខាផងដែរ។
ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានសន្យាថា ជប៉ុននឹងបន្តផ្តល់ថវិកា ជួយដល់សាលាក្តីកាត់ទោសមេខ្មែរក្រហម៕
ប្រភព CEN