ភ្នំពេញ: ថ្វីបើមានទេពកោសល្យផ្នែកសិល្បៈទាំងច្រៀង រាំ ពិធីករ និងសម្ដែង តែលោក បញ្ញា សិដ្ឋ មិនធ្លាប់រំពឹងថា នឹងអាចក្លាយជាតារាមួយរូបមានប្រជាប្រិយភាពដូចពេលនេះឡើយ។
នៅរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ លោកបានរៀបចំពិធីខួបកំណើត ដែលមានអញ្ជើញមិត្តសិល្បៈករ សិល្បៈការិនី មកជួបជុំនៅភោជនីយដ្ឋាន វ៉ាឡិនថាញ ជាហាងរបស់តារាស្រីដ៏សិចស៊ី កុល ដាវី នៅម្តុំផ្សារទួលទំពូង។
តារាសម្ដែង និងជាពិធីករ ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះលើមាគ៌ាសិល្បៈលោក បញ្ញា សិដ្ឋ កំពុងបោះជំហានល្បីល្បាញ ក្រោយពីក្លាយជាបុគ្គលិកចំណូលថ្មីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។
.jpg)
លោកមានឈ្មោះពិតប្រាកដថា កា បញ្ញា និងជាកូនកាត់បីសាសន៍ ដោយមានម្ដាយជាជនជាតិឡាវ និងមានឪពុកជាជនជាតិខ្មែរកាត់ចិន។
ទោះយ៉ាងណា ពិធីខួបកំណើតនេះ ត្រូវបានធ្វើខុសនឹងថ្ងៃកើត ដែលលោក សិដ្ឋ កើតនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ១៩៨៨ នៅទីក្រុងបាងកក ក្នុងប្រទេសថៃ។ លោកជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស៣ស្រី២) ដែលមានឪពុកឈ្មោះកា សៀន អាយុ៤៥ឆ្នាំ ជាអ្នកលក់ដូរនៅផ្សារថ្មីក្នុងខេត្តបាត់ដំបង និងមានម្ដាយឈ្មោះ ម៉ាក់ ធឿននី អាយុ៤២ឆ្នាំ ជាអាជីវករដូចគ្នា។
លោកមានកម្ពស់ ១៧៤ សង់ទីម៉ែត្រ ទម្ងន់ ៥៩ គីឡូក្រាម និងជាតារាតែម្នាក់គត់ ដែលមានសញ្ជាតិខ្មែរឡាវដែលខុសប្លែកពីតារាខ្មែរទាំងពួង។
លោកមានដុងផ្នែកសិល្បៈតែម្នាក់ឯងប៉ុណ្ណោះ ក្នុងចំណោមបងប្អូនទាំងអស់ បើទោះជាបងៗរបស់លោកមានរូបរាងសង្ហា និងស្រស់សោភា សឹងថាស្អាតបាតជាងលោក ដែលចូលប្រឡូកជាតារាសម្ដែងក៏ដោយ។
.jpg)
តារារូបនេះ ធ្លាប់ប្រាប់ថា ម្ដាយលោកជាជនជាតិឡាវសុទ្ធសាធ ដែលបានចាកចេញពីទឹកដីកំណើត ហើយមកផ្សងព្រេង រកស៊ីជួញដូរ នៅក្នុងប្រទេសថៃ។ លោកបន្ថែមថា “ម៉ាក់ខ្ញុំគាត់ចេញពីឡាវមករកស៊ីនៅថៃ យូរឆ្នាំហើយ ក្រោយមកក៏បានជួបប៉ាខ្ញុំ ដែលជាអ្នករកស៊ីជួញដូរឥវ៉ាន់ ពីបាងកក មកលក់នៅក្នុងទឹកដីខេត្តបាត់ដំបង”។
ដូច្នេះហើយទើបលោកបញ្ញា សិដ្ឋ បានចាប់កំណើតនៅក្នុងប្រទេសថៃ ហើយរស់នៅទីនោះរហូតដល់អាយុ៧ឆ្នាំ ទើបវិលមកកាន់ស្រុកឪពុក ដែលស្ថិតនៅក្នុងទីរួមខេត្តបាត់ដំបង។
លោកបញ្ជាក់ថា ខ្លួនចេះបីភាសាគឺខ្មែរ ថៃ និងឡាវ ច្រើនគួរសម តាំងពីមិនទាន់ចូលសាលាចំណេះទូទៅភាសាខ្មែរ និងចូលរៀនភាសាអង់គ្លេសម្ល៉េះ។
ទោះយ៉ាងណា លោកកម្របង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួននេះជាសាធារណៈណាស់ ក្រោមលេសថាមិនចង់ឲ្យមានអ្នកដឹងឮច្រើនថា លោកជាជនជាតិឡាវ ដែលនាំមានការយល់ច្រឡំថាលោកជាជនជាតិកាត់ថៃវិញ។
លោកសិដ្ឋ និយាយថា “ម៉ាក់ខ្ញុំឡាវសុទ្ធ តែដល់ពេលគាត់ទៅរកស៊ីថៃយូរទៅ ទើបដូចជនជាតិថៃ អ៊ីចឹងហើយទើបខ្ញុំចេះតែខ្លាចគេថា គាត់ថៃ ហើយប៉ះពាល់ដល់ប្រជាប្រិយភាពសិល្បៈរបស់ខ្ញុំ ក្នុងពេលភាពល្អក់កកររវាងខ្មែរ-ថៃ កំពុងតែកើតឡើងពេលនេះ”៕
- See more at: http://cen.com.kh/localnews/show_detail/23?token=MzQyMDZjMz#sthash.r2fDsWm0.dpuf