ភាពយន្តស្តីពីព្រះអង្គម្ចាស់ក្សត្រិយ៍ ដាអាណា នៃក្សត្របុរី វេសល៍ ដែលមានចំណងជើងDianaសម្តែងដោយ សិល្បការិនីអាមេរិកនាង ណាអូមី វ៉ាត បានចេញបញ្ចាំងនៅអឺរ៉ុបជាលើកដំបូង គឺនៅហុងគ្រីកាលពីថ្ងៃព្រហស្បត៍ បន្ទាប់ពីរងការរិះគន់ក្រោយពីការបញ្ចាំងនៅក្រុងឡុងដ៍ កាលពីខែមុន។
និយាយអំពីទំនាក់ទំនងស្នេហារបស់សពម្ចាស់ក្សត្រិយ៍ ដាយអាណា ជាមួយគ្រូពេទ្យវះកាត់បេះដូងប៉ាគីស្ថានដែលរស់នៅអង់គ្លេសលោកហាសណាត ខាន់ ភាពយន្តនេះត្រូវបានវេជ្ជបណ្ឌិតខាន់ ខ្លួនឯងច្រានចោល ថាវា"ផ្អែកលើការស្មាននិងពាក្យចចាមអារ៉ាម"។

ឈុតឆាកខ្លះក្នុងភាពយន្តពណ៌នាអំពីឧបទ្ទវហេតុដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍រួចហើយ ដូចជាលោកខាន់ត្រូវបានគេលួចនាំចូលវិមានKensingtonរបស់ដាយអាណានៅក្រុងឡុងដ៍ដោយអង្គុយនៅកៅអីក្រោយរបស់រថយន្តរបស់ព្រះនាងដែលបាំងដោយវាំងនន ឬដាយអាណាជួបមាតារបស់លោកនៅក្រុងឡាហ័រប្រទេសប៉ាគីស្ថានជាដើម។

ឈុតផ្សេងទៀតត្រូវបានគេដឹងឮពីមុនមកតិចតួច ឬគ្រាន់តែជាការស្រមើស្រមៃសុទ្ធ ដូចជា ដាយអាណាអមដំណើរលោកវេជ្ជបណ្ឌិតខាន់ទៅកាន់ក្លឹបតន្ត្រីហ្សាសមួយ ដោយបានក្លែងខ្លួនជាមួយនឹងការពាក់សក់ពណ៌ត្នោត និងឈុតលើគ្រែជាដើម៕