ប្រទេសកម្ពុជា ជាប្រទេសមួយដែល មានប្រវត្តិសាស្រ្តចំណាស់ ជាងគេក្នុងតំបន់។ បុព្វបុរសបានបន្សល់ទុកនូវ មរតកជាច្រើន សម្រាប់កូនចៅ ជំនាន់ក្រោយ ទាំងមរតករូបី និងអរូបី។
ជាតំនរតមក ប្រជាជនខ្មែរ តែងគោរពប្រតិបត្តិតាម មរតកទាំងនោះ ទុកដូចជាជំនឿ ដែលអ្នកសិក្សាស្រាវជ្រាវ រកឃើញថា វាបានដុះជាប់ក្នុងព្រលឹងជនជាតិខ្មែរ មិនអាចកែប្រែបានឡើយ។ តួយ៉ាងជំនឿជាច្រើន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ ជាពិធីបុណ្យប្រពៃណីសាសនា ដែលប្រជាជនខ្មែរ តែងប្រារព្វធ្វើជារៀងរាល់ឆ្នាំ មិនដែលខាន ចាប់ពី ថ្ងៃ១រោជ ខែភទ្របទ ដល់ ១៥ រោជខែ ភទ្របទ គឺជាពិធីបុណ្យដែល មានរយៈពេលយូរជាងគេរបស់ខ្មែរ នឹងស្ថិតក្នុងពិធីទ្វាទសមាសផងដែរ។
ជំនឿសំខាន់បំផុតរបស់ ពិធីបុណ្យនេះគឺ ក្នុងន័យឧទ្ទិសកុសលដល់បេតបុគ្គល ដែលត្រូវជាជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង ៧ សន្តាន ដែលបានយោនយោគ កំណើតជាប្រេត ទទួលនូវក្តីទុក្ខវេទនាឯស្ថាននរក ដោយសារតែជាប់ជំពាក់នឹងបាបកម្ម កាលនៅជាមនុស្សលោក ហើយក្នុងពេល ចាប់ពីថ្ងៃ ១រោជ ខែភទ្របទ ដល់ ១៥រោជ យមបាល បានដោះលែងបេតជនទាំងនោះ ឲ្យមករកបងប្អូន កូនប្រពន្ធ ញាតិមិត្ត ដើម្បីទទួលយកអាហារ ដែលគេបានឧទ្ទិសឲ្យ។

ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌនេះ ដោយមានជំនឿថា សាច់ញាតិ បងប្អូន កូន ប្រពន្ធ ប្តី មាតាបិតារបស់ខ្លួន ក្រែងធ្លាក់ខ្លួនជាប្រេត ប្រជាជនខ្មែរតែងតែនាំគ្នាធ្វើ បាយម្ហូបជាចង្ហាន់ទៅប្រគេន ព្រះសង្ឃ ដែលគង់នៅវត្តអារ៉ាម ក៏ដូចជាធ្វើបុណ្យរាប់បាត្រ និងពូនភ្នំខ្សាច់ដើម្បីជួយរំដោះ កម្មពៀរជូនជនទាំងនោះដែរ។ អ្វីដែលពិសេសនោះ ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា តែងប្រមូលបងប្អូនកូនចៅ នាំគ្នាទៅបោះបាយបិណ្ឌ នៅរៀងរាល់វេលាទៀបភ្លឺផងដែរ។

ថ្វីត្បិតតែ មានជំនឿបែបនេះក្តី បើតាមគម្ពីរ បេតវត្ថុ ដែលនិយាយពី បេតជនបានបរិយាយថា បុគ្គលដែលបានកើតទៅជាប្រេត ព្រោះជាប់ជំពាក់កម្មពៀវេរាច្រើននោះ បានបែង ចែកតាមកំរិត បើមានទោសធ្ងន់ពេក គឺមិនអាចនឹង ទទួលនូវការឧទ្ទិស អាហារបរិភោគ ពីសាច់ញាតិសន្តានទេ ដោយឡែក ប្រេតដែលអាច មកទទួលអហារបរិភោគបាននោះ មានតែពពួកប្រេត ដែលមានកម្មតិចតួច និងជាប្រេតដែល អាចទទួលផលពីការឧទ្ទិសពីបងប្អូនបាន។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈ ពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាល បុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃ ក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។

ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើន មហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕
នាវា