រាជធានីភ្នំពេញ ៖ មហាបាតុកម្មអហិង្សា ដែលគ្រោងធ្វើនៅថ្ងៃទី ១៥-១៦ និង១៧ ខែកញ្ញា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅតែបន្តធ្វើដដែល តាមការគ្រោងទុក គ្មានអ្វីប្រែប្រួលទេ ព្រោះទឹកចិត្តរបស់ ប្រជារាស្ត្រ
ខ្មែរ ទូទៅ កំពុងតែពុះកញ្ជ្រោល ក្នុងការទាមទារយុត្តិធម៌ និងប្តេជ្ញាមកធ្វើ មហាបាតុកម្មអហិង្សាដើម្បីការពារសន្លឹកឆ្នោត របស់ពួកគេ គ្មានអ្វីអាចរារាំងបានឡើយ ។
រហូតដល់ថ្ងៃទី១៤ ខែកញ្ញា គេសង្កេតឃើញប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្ត បានធ្វើដំណើរមកដល់ភ្នំពេញ ជាបណ្តើរៗហើយ ដោយមានអ្នកខ្លះ វេចស្ពាយឆ្នាំងបាយ ស្បៀងអាហារ មាន់ទា សម្រាប់ការរៀបចំធ្វើមហាបាតុកម្ម រយៈពេលយូរអង្វែង ។ គេរំពឹងទុកថា ម្ចាស់ឆ្នោតដែលមកចូលរួម ធ្វើមហាបាតុកម្មនេះ អាចមានរាប់សែននាក់ ព្រោះបើយើងគិតតែ តួលេខកម្មករ កម្មការិនី មន្ត្រីរាជការ ដែលគ្រោងមកចូលរួម ធ្វើមហាបាតុកម្មនេះ មានរាប់ម៉ឺននាក់ រួចទៅហើយ។
រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោក សម រង្ស៊ី បានជួបសំណេះសំណាល ជាមួយប្រជារាស្ត្រខ្មែរ ជាម្ចាស់ឆ្នោតទាំង ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដោយលោក បានអំពាវនាវសុំឲ្យ ប្រជារាស្ត្រខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ អញ្ជើញមកចូលរួម ក្នុងមហាបាតុកម្មអហិង្សា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅ ឲ្យបានច្រើនកុះករ។ លោក សម រង្ស៊ី បានអំពាវនាវសុំឲ្យ បងប្អូនដែលមកចូលរួម ធ្វើមហាបាតុកម្មទាំងអស់ ស្ពាយកន្ទេល មុង ឆ្នាំង មកធ្វើបាតុកម្មរហូតទាល់តែ យើងអាចទទួលបាន ជ័យជំនះ ។
នៅទីលានប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រុមការងារ របស់គណបក្ស សង្គ្រោះជាតិ បានរៀបចំបោះតង់ សង់ជាជំរំនៅលើទីលាននោះ ដើម្បីធ្វើការតវ៉ា ទាំងយប់ទាំងថ្ងៃ ហើយសមត្ថកិច្ចបានចុះមកបង្ខំឱ្យរុះរើតង់ចេញ ឯក្រុមបាតុករ មិនព្រមរុះរើ នោះទេ បង្កទៅជារឿង ចម្រូងចម្រាស់ ។ អាជ្ញាធរបានអនុញ្ញាតឱ្យធ្វើបាតុកម្ម ប៉ុន្តែឱ្យធ្វើការតវ៉ាធម្មតាប៉ុណ្ណោះ ដូចពេលមុនៗ មិនបានអនុញ្ញាតឱ្យបោះតង់ សង់ជំរំនោះទេ ព្រោះការធ្វើបែបនេះ វាជាការតវ៉ាយូរអង្វែង នាំឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ និងប៉ះពាល់បរិយាកាសផ្សេងៗទៀត ។
ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យគណបក្ស សង្គ្រោះជាតិ ធ្វើបាតុកម្ម ដោយសន្ដិវិធីនៅថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៦ ល្ងាច នៅទីលានប្រជាធិបតេយ្យ ដោយមានបាតុករចូលរួម ក្នុងចំនួនមិនលើសពី មួយម៉ឺននាក់។ ហាមការធ្វើការប្រមូលផ្ដុំ និងការស្នាក់នៅពេលយប់ នៅលើទីលានប្រជាធិបតេយ្យ ឬទីកន្លែងសាធារណៈដទៃទៀត ដែលអាចជាការ ប៉ះពាល់ធ្ងន់ធ្ងរ ដល់សេចក្ដីស្ងប់ស្ងៀមសាធារណៈ សណ្ដាប់ធ្នាប់សង្គម និងការបង្កគ្រោះថ្នាក់ដល់សន្ដិសុខជាតិ ។
ក្រសួងមហាផ្ទៃ ក៏មិនអនុញ្ញាតឱ្យធ្វើបាតុកម្មនៅថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៣ ឡើយ ដោយហេតុថា កាលបរិច្ឆេទនេះ ត្រូវចំថ្ងៃដែលសិស្សានុសិស្ស ប្រឡងសញ្ញាបត្រ មធ្យមសិក្សា បឋមភូមិនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តទូទាំងប្រទេស ។ បាតុកម្មដោយសន្តិវិធីនេះ ត្រូវដំណើរការនៅទីលានប្រជាធិបតេយ្យ តែមួយគត់ និងហាមការដង្ហែក្បួន បាតុកម្ម ឬដង្ហែញត្តិ តាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដូចដែលបានព្រមព្រៀងគ្នា រវាងសាលារាជធានីភ្នំពេញ និងតំណាងគណបក្ស សង្គ្រោះជាតិ ក្នុងកំណត់ហេតុប្រជុំ ចុះថ្ងៃទី១១ កញ្ញា ២០១៣ ៕
ប្រភពពី៖វត្តភ្នំ