មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សនេះនឹងរកលទ្ធភាពដើម្បីជួយគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលជាគណបក្សសម្ព័ន្ធភាព នៅក្នុងអាណត្តិរដ្ឋាភិបាលក្រោយនេះ។ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ីនប៉ិច បានថ្លែងថា លោកក៏នៅមិនហ៊ានអះអាងថា មន្ត្រីជាន់ខ្ពស់របស់ហ្វ៊ុនស៊ិនប៉ិចនឹងអាចទទួលបានមុខងារអ្វីនៅក្នុង រដ្ឋាភិបាលអាណត្តិទី៥នេះ ក្នុងក្របខណ្ឌនៃគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា នោះឡើយ។
បើទោះជាគណបក្សហ្វ៊ុនស៊ីនប៉ិច មិនទទួលបានអាសនៈអ្វីសោះនៅក្នុង រដ្ឋសភាក៏ដោយ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សសម្ព័ន្ធភាព នឹងគិតគូរអំពី លទ្ធភាពនៃការជួយគណបក្សហ្វ៊ុនស៊ីនប៉ិចក្នុងអាណត្តិរដ្ឋាភិបាល ក្រោយនេះ។ នេះជាការបញ្ជាក់របស់លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា។ ប្រាប់វិទ្យុបារាំងអន្តរជាតិ លោកជាម យៀប មិនទាន់អាចមានប្រសាសន៍លំអិត និងប្រាកដប្រជាអំពីមុខតំណែងដែលគណបក្សប្រជាជនកម្ពុជារបស់លោក អាច ផ្តល់អោយមន្ត្រីរបស់គណបក្សហ្វ៊ុនស៊ីនប៉ិចនោះនៅឡើយទេ។
មន្ត្រីគណបក្សប្រជាជនកម្ពុជារូបនេះគ្រាន់តែអះអាងថា គណបក្សប្រជាជនកម្ពុជារបស់លោកនៅតែប្រកាន់ខ្ជាប់ពាក្យសន្យារបស់ខ្លួន ដែលមានចែងក្នុងកម្មវិធីនយោបាយ ដោយបន្តចាត់ទុកហ្វ៊ុនស៊ីនប៉ិច ថានៅតែជាគណបក្សដៃគូសម្ព័ន្ធភាពរបស់ខ្លួន។ ហើយថា គណបក្សប្រជាជនកម្ពុជានឹងជួយហ្វ៊ុនស៊ីនប៉ិចទៅតាមលទ្ធភាព របស់ខ្លួន។
សូមរម្លឹកថា នៅក្នុងអាណត្តិទី៤មុននេះ ក្នុងក្របខណ្ឌដៃគូ គណបក្សហ្វ៊ុនស៊ីនប៉ិចដែលទទួលបាន២អាសនៈក្នុងរដ្ឋសភា គណបក្សប្រជាជនកម្ពុជាបានផ្តល់តំណែងរដ្ឋាភិបាលមួយចំនួនអោយមន្ត្រី ហ្វ៊ុនស៊ីនប៉ិច ដែលក្នុងនោះមានលោកញ៉ឹក ប៊ុនឆៃ ជាឧបនាយករដ្ឋមន្ត្រី។
ឆ្លើយតបនឹងវិទ្យុបារាំង លោកញឹក ប៊ុនឆៃ ដែលជាអគ្គលេខាធិការរបស់គណបក្សហ្វ៊ុនស៊ីនប៉ិច មិនហ៊ានអះអាងអំពី ក្តីសង្ឃឹមថា នឹងមានមន្ត្រីហ្វ៊ុនស៊ីនប៉ិចអាចទទួលបានតួនាទីអ្វីក្នុងអាណត្តិ រដ្ឋាភិបាលក្រោយនេះឡើយ។ មូលហេតុ ត្រូវបានលោកញឹក ប៊ុនឆៃ និយាយយោងទៅលើបរាជ័យនៃការបោះឆ្នោតរបស់ហ្វ៊ុនស៊ីនប៉ិចដែល មិនអាចទទួលបានអាសនៈមួយនៅក្នុងរដ្ឋសភា។
គួរបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ីនប៉ិចដែលធ្លាប់ឈ្នះឆ្នោតដឹកនាំប្រទេសនៅក្នុងនីតិកាល ទីមួយឆ្នាំ១៩៩៣ នៅពេលនេះទទួលបានសំឡេងគាំទ្រសរុបតែ២សែន៤ម៉ឺនសំឡេងប៉ុណ្ណោះនៅក្នុង ការបោះឆ្នោតនីតិកាលទី៥នេះ៕
ប្រភពពី
RFI