កំពង់ឆ្នាំង: ស្ទាវស្រវឹងកាវបីនាក់ បានធ្វើសកម្មភាពចាប់ស្ត្រីម្នាក់ និងក្មួយស្រីម្នាក់ទៀត បម្រុងរំលោភទាំងកណ្តាលថ្ងៃត្រង់ ប៉ុន្តែមិនបានសម្រេច ដោយសារតែជនរងគ្រោះ រើបំរាស់ និងស្រែកអោយសមត្ថកិច្ចជួយ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងអគារផ្ទះប្រាំជាន់ ដែលជាទីតាំងសំណង់ចាស់មួយ គ្មានមនុស្សស្នាក់នៅ ក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ប៉ូលិសក្រុងកំពង់ឆ្នាំង រាប់សិបនាក់ បានលើកគ្នាទៅឡោមព័ទ្ធទីតាំងអគារនោះ ដោយប្រើរយៈពេលជិតពីរម៉ោង ទើបចាប់ខ្លួនជនសង្ស័យបានពីរនាក់។ ដោយឡែកម្នាក់ទៀត បានរត់គេចខ្លួនបាត់ មិនដឹងថា រត់ទៅពួនសម្ងំនៅកន្លែងណា។ ការឡោមព័ទ្ធខ្លួនជនសង្ស័យនេះ ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទៅចោមរោមមើលយ៉ាងច្រើនកកកុញផងដែរ។
ជនសង្ស័យទាំងពីរនាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបាននេះ ម្នាក់ឈ្មោះ សុខ ប្រាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មានលំនៅក្នុភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ និងម្នាក់ទៀតឈ្មោះ ផុន សំភាស់ ហៅជា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ដោយឡែកបក្ខពួកគេម្នាក់ទៀត ដែលរត់គេចខ្លួនរូចឈ្មោះ ម៉ី។

ស្ត្រីរងគ្រោះ អាយុ ២៥ឆ្នាំ រស់នៅឯទីរួមខេត្តបាត់ដំបង និងមកស្នាក់នៅបណ្តោះអាសន្ន នៅក្បែរកន្លែងកើតហេតុខាងលើ។ នៅវេលាកើតហេតុខាងលើ ស្ត្រីរងគ្រោះ និងក្មួយស្រីម្នាក់ទៀត អាយុ ១១ឆ្នាំ បាននាំគ្នាចូលទៅក្នុងអគារផ្ទះ ៥ ជាន់ ដើម្បីរកក្មួយប្រុសម្នាក់ ឈ្មោះ ឆៃ សិលា ដែលទៅលេងនៅទីនោះ។
នាង និងក្មួយស្រី បានឡើងទៅដល់ជាន់ទី៣ ស្រាប់តែជនសង្ស័យឈ្មោះ សុខ ប្រាក់ បានស្ទុះមកចាប់អូសនាង និងបោកផ្តួលទៅលើឥដ្ឋ សម្រាតសំពត់ បម្រុងរំលោភ ប៉ុន្តែត្រូវនាងរើបំរាស់រួច និងបានស្រែកអោយគេជួយ។ ដោយឡែកបក្ខពួកគេម្នាក់ឈ្មោះ ម៉ី បានចាប់បីក្មួយស្រីរបស់នាងទៅកន្លែងផ្សេង បម្រុងរំលោភដូចគ្នា ប៉ុន្តែមិនបានសម្រេចទេ ដោយសារនាងស្រែក ផ្អើលឆោឡោដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទៅជួយហើយពួកគេ ក៏បានរត់ឡើងទៅលើអគារជាន់ទី៥ តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួគគេពិតជាបានប្រព្រឹតប្រាកដមែន ដោយសារស្រវឹងកាវ៕

ប្រភព CEN