ភ្នំពេញ៖ ក្រុមអ្នកភូមិបឹងកក់និងបុរីកីឡាបាននាំគ្នាដើរដង្ហែជាក្បួននៅតាម ផ្លូវក្នុងរាជធានីភ្នំពេញជាថ្មីទៀតនៅថ្ងៃអង្គារនេះ ដើម្បីទាមទារ ឲ្យមានការដោះលែងសកម្មជនការពារដីធ្លីគឺអ្នកស្រីយ៉ោម បុប្ផា។ អ្នក ស្រី យ៉ោម បុប្ផាកំពុងជាប់ក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ថា បានបង្កអំពើហិង្សាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំមុន។
ក្រុមអ្នកភូមិបឹងកក់និងបុរីកីឡាបានហែក្បួនតវ៉ានៅពីមុខតុលាការ កំពូលក្នុងរាជធានីភ្នំពេញជាថ្មីម្តងទៀតនៅថ្ងៃអង្គារទី១០ខែ កញ្ញានេះដើម្បីទាមទារឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផាចេញពី ពន្ធនាគារ។

បន្ទាប់ពីឈរស្រែកទាមទារយុត្តិធម៌សម្រាប់អ្នកស្រីយ៉ោម បុប្ផាមួយ សន្ទុះមក ក្រុមអ្នកតវ៉ាក៏បាននាំគ្នាដើរដង្ហែក្បួនតាមមហាវិថី ព្រះនរោត្តម ឆ្ពោះទៅការិយាល័យសហភាពអឺរ៉ុប ដោយបានទម្លុះរបាំងនៃកង កម្លាំងអាជ្ញាធរដែលបានព្យាយាមរារាំងពួកគេមិនឲ្យទៅដល់គោលដៅដែល ស្ថិតនៅជិតផ្ទះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្បែរវិមាន ឯករាជ្យនោះ។
សុង ស្រីលាបគឺជាតំណាងម្នាក់របស់ក្រុមអ្នកតវ៉ាទាំងនេះ។
«ក្នុងនាមពួកខ្ញុំជាប្រជាពលរដ្ឋរងទុក្ខ ហើយដោយសារសហគមន៍ អឺរ៉ុបគឺជាប្រទេសមួយប្រជាធិបតេយ្យ ក៏ជាប្រទេសផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគោរពសិទ្ធិ មនុស្សនិងប្រជាធិបតេយ្យ ពួកខ្ញុំត្រូវមកទីនេះដើម្បីឲ្យគាត់ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យដោយ ផ្តល់យុត្តិធម៌សម្រាប់អ្នកស្រីយ៉ោម បុប្ផា»។
រហូតមកដល់ពេលនេះ អ្នកស្រីយ៉ោម បុប្ផាបានជាប់ពន្ធនាគារអស់រយៈពេល ជាង១ឆ្នាំមកហើយ បន្ទាប់ពីត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទប្រកាន់ថា អ្នកស្រី បានបង្កហិង្សាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំមុន។
ប៉ុន្តែក្រុមអ្នកតវ៉ាដែលរួមមានទាំងកូនប្រុសនិងស្វាមីរបស់ អ្នក ស្រីផងនោះ អះអាងថា ការកាត់ទោសអ្នកស្រីយ៉ោម បុប្ផាគឺដើម្បីបំបាក់ស្មារតីរបស់ក្រុម អ្នកភូមិដែលហ៊ានងើបឡើងតវ៉ាប្រឆាំងនឹងការបណ្តេញពួកគេចេញពី លំនៅដ្ឋានដោយបង្ខំតែប៉ុណ្ណោះ។
លោក
លួស សាខន គឺជាស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា។
«ត្រូវតែដោះលែងអ្នកស្រីយ៉ោម បុប្ផាជាបន្ទាន់!»
តំណាងពីររូបរបស់ក្រុមអ្នកតវ៉ាត្រូវបានអនុញ្ញាតឲ្យចូលជួប មន្ត្រី សហភាពអឺរ៉ុប ដើម្បីផ្ញើរសារនៃការទាមទាររបស់ពួកគេ។
អ្នកស្រីទេព វន្នី ដែលជាជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំសកល របស់ អង្គការVital Voicesគឺជាអ្នកដឹកនាំក្រុមអ្នកតវ៉ានេះ។
«អម្បាញ់ម៉ិញនេះ គាត់ឲ្យជួបជាមួយតំណាងរបស់គាត់សិនដើម្បីកុំ ឲ្យ ប្រជាជនរង់ចាំយូរ ហេវបាយ។ ហើយតំណាងរបស់គាត់នឹងពាំនាំសាររបស់ពួក ខ្ញុំទៅដល់អគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ហើយអគ្គរដ្ឋទូតនឹងរកពេលវេលានិងថ្ងៃណាមួយជួបពួកខ្ញុំផ្ទាល់ ទៀត»។
ក្រុមអ្នកតវ៉ាក៏បានដើរដង្ហែក្បួនឆ្ពោះទៅធនាគារពិភពលោកផងដែរ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថាប័ននេះ ឲ្យជួយរកយុត្តិធម៌សម្រាប់ អ្នកស្រីយ៉ោម បុប្ផា។
ប៉ុន្តែមន្ត្រីនៃស្ថាប័នទាំងពីរមិនបានឆ្លើយតបភ្លាមៗទៅតាម សំណើ សុំរបស់ក្រុមអ្នកតវ៉ានោះទេ ដោយពួកគេនិយាយថា ពួកគេត្រូវឆ្លង ថ្នាក់ដឹកនាំនៃស្ថាប័នរបស់ពួកគេរៀងៗខ្លួនជាមុនសិន។
យ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ានិយាយថា ការកាត់ទោសក្នុងករណីអ្នកស្រី យ៉ោម បុប្ផាគឺខុសគ្នាស្រឡះពីការកាត់ទោសក្នុងករណីលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនីឲ្យរងរបួសចំនួនបីនាក់ ប៉ុន្តែនៅតែអាចមាន សេរីភាពរហូតមកដល់សព្វថ្ងៃ។
ដូច្នេះក្រុមអ្នកតវ៉ាទាំងនេះអះអាងថា ពួកគេនឹងនៅតែបន្តការ ទាមទាររបស់ខ្លួនតទៅទៀត រហូតទាល់តែអ្នកស្រីយ៉ោម បុប្ផាត្រូវបានដោះលែងឲ្យមានសេរីភាពឡើង វិញ៕(voa)