រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលបាននាំគ្នាមកធ្វើ បាតុកម្មអហិង្សារយៈពេល ៣ ថ្ងៃ នៅទីលានប្រជាធិបតេយ្យ បានរួមគ្នាអុជធូប ដាក់បណ្តាសារ ដល់ជនដៃដល់ និងអ្នកពាក់ព័ន្ធ ដែលបានបាញ់ប្រហារ យុវជន
ម៉ៅ សុខចន្ទ អាយុ ២៩ ឆ្នាំ កម្មករសំណង់ បណ្តាលស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុ កាលពីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅម្តុំស្ពានអាកាសក្បាលថ្នល់ ក្នុងហេតុការណ៍ដែលកម្លាំង ប្រដាប់អាវុធបានបង្ក្រាប ដោយហិង្សា ទៅលើប្រជាពលរដ្ឋ។
ក្រុមបាតុករ នៅទីលានប្រជាធិបតេយ្យ ក៏បាននិមន្តព្រះសង្ឃបង្សុកូល ជូនដល់វិញ្ញាណក្ខន្ធ យុវជន ម៉ៅ សុខចន្ទ ឲ្យបានទៅកាន់សុគតិភព ហើយគ្រប់ៗគ្នាបាន ហៅជនរងគ្រោះ ម៉ៅ សុខចន្ទ ថាជាវីរបាតុករគួរឲ្យគោរពផងដែរ ។ ពាក្យបណ្តាសារ ផ្តើមដោយការបួងសួង សូមឲ្យបារមី លោកតាក្រហមក ដាក់បណ្តាសារដល់ ជនដៃដល់ និងមេៗ របស់វា ដែលបាញ់យុវជន ម៉ៅ សុខចន្ទ នៅក្បាលថ្នល់ ក្ររហាម ៧ជាតិ មានជម្ងឺព្យាបាលមិនជា គ្មានផ្ទះសម្បែងរស់នៅ ។ល។
សូមរំលឹកថា យុវជនមួយក្រុម បានរងនូវការវាយបង្ក្រាប ដោយហិង្សាពីកម្លាំង ប្រដាប់អាវុធ នៅស្ពានអាកាសក្បាលថ្នល់ កាលពីវេលា ម៉ោងជិត១០យប់ ថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៣ បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ម៉ៅ សុខចន្ទ ស្លាប់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀត បានរងរបួស ។ ក្រុមអង្គការសង្គមស៊ីវិលបានថ្កោលទោស ចំពោះអំពើហិង្សា ដែលកម្លាំងប្រដាប់អាវុធ បានប្រើប្រាស់គ្រាប់កាំភ្លើងពិត គ្រាប់បែកផ្សែង និងឡានទឹក ក្នុងការបង្ក្រាបប្រជាពលរដ្ឋ ស្លូតត្រង់បណ្តាលឲ្យស្លាប់ និងរបួស ហើយបានទាមទារឲ្យអាជ្ញាធរ នាំជនដៃដល់ ទៅផ្តន្ទាទោសតាមច្បាប់៕