សៀមរាប: រយៈពេលថ្ងៃប្រមាណចុងក្រោយនេះ សមត្ថកិច្ចចំរុះរបស់ខេត្ដសៀមរាបបានសហការគ្នា បង្ក្រាបឈើគ្រញូងដោយ ខុសច្បាប់បានជាបន្ដបន្ទាប់ ហើយស្នាដៃខាងលើ គេគ្រប់គ្នានៅខេត្ដសៀមរាបដែលបានដឹងរឿងបានធ្វើកោតសរសើរ ព្រោះថា
ពួកគេកំពុងតែយកស្នាដៃ ឱ្យបានច្រើនមុនរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងនៅឆាប់ៗខាងមុខ។
ជាមួយគ្នានោះ ករណីមួយចំនួនក៏បានបញ្ជូនសំណុំរឿងទៅតុលាការរួចហើយ ហើយនៅមានករណីមួយចំនួនទៀត ក៏បានទាន់បញ្ជូនទៅតុលាការដែរ។
លោកទី សុវិលថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដសៀមរាប បាននិយាយឱ្យដឹងថា ករណីដែលបង្ក្រាបឈើគ្រញូងហើយចាប់មនុស្សបានត្រូវបានសមត្ថកិច្ច បញ្ជូនសំណុំរឿងទៅកាន់តុលាការរួចហើយ។ ដោយឡែកករណីឈើគ្រញូងដែលជាអញត្ដិជន សមត្ថកិច្ចមិនទាន់បញ្ជូនសំណុំទៅកាន់តុលាការទេ។
លោកទី សុវិលថាល់ បាននិយាយទៀតថា ក្នុងសំណុំរឿងបើសិនជាខាងរដ្ឋបាលព្រៃឈើបញ្ជូនមកតុលាការ ហើយស្គាល់អត្ដសញ្ញាណ និងសាវតាជាតិពិតប្រាកដ លោកនឹងចេញដីកាចោទប្រកាន់ និងចេញដីកាបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនជននោះមកកាន់តុលាការ ដើម្បីសាកសួរ។ លោកបន្ដថា ក្នុងករណីដែលរដ្ឋបាលព្រៃឈើមិនកំណត់អត្ដសញ្ញាណ លោកធ្វើការចោទដូចគ្នា ហើយបញ្ជូនសំណុំឱ្យចៅក្រមស៊ីបសួរជាអ្នកស៊ីបអង្កេតបន្ដទៀត។
ករណីបង្ក្រាបឈើគ្រញូងខាងលើដែលលេចធ្លោចុងក្រោយនេះ គឺ៖
ករណីទី១ ប្រព្រឹត្ដឡើងនៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅភូមិទួលក្រឡាញ់ ឃុំខ្នារសណ្ដាយ ស្រសុកបន្ទាយស្រី ខេត្ដសៀមរាប។ ឈើគ្រញូងខាងលើ គេស្គាល់ថាជារបស់ឈ្មោះ ហុង មន្ដ្រីកងរាជអាវុធហត្ថខេត្ដសៀមរាប ដែលដឹកគរទុកមួយកន្លែងដូចភ្នំ កណ្ដាលព្រៃក្បែរព្រៃរបស់ភូមិអ្នកស្រុក។ ឈើគ្រញូងករណីទី១នេះ សមត្ថកិច្ចរកឃើញចំនួន ១២៧០៤ ដុំ និង ២១៨៧៩ គីឡូក្រាម និងស្មើ ១៨ ម៉ែត្រគូប និង ២៣២ ផ្លាន។ ករណីនេះដែរ សមត្ថកិច្ចកំពុងកសាងសំណុំរឿងនៅឡើយ។
ករណីទី២ កើតឡើងនៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្ដសៀមរាប ហើយរកឃើញឈើគ្រញូងចំនួនជាង ៣ តោន និងចាប់ខ្លួនមនុស្ស ២ នាក់ ដែលឈើនោះលាក់ទុកនៅក្នុងផ្ទះមួយរបស់ឈ្មោះ
យឿន គឹមយុ ភេទប្រុស និងម្ចាស់ឈើមានឈ្មោះព្រំ សុភណ្ឌ។ ជនទាំង ២ ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅតុលាការ ខេត្ដសៀមរាប។ លុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ គេឃើញជនទាំង ២ ត្រូវបានតុលាការដោះលែង ហើយពួកគេបានបង្ហាញវត្ដមាននៅ
ឯផ្ទះរបស់ពួកគេវិញ។
ករណីទី៣ កើតឡើងនៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវ៦៧ ក្នុងភូមិរវាងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដោយសមត្ថកិច្ចចំរុះឃាត់រថយន្ដកូរ៉េធុនធំមួយគ្រឿងដឹកឈើគ្រញូង ចំនួន ៣៦៧០ ដុំ និង ៦៥៣០ គីឡូក្រាម ស្មើនឹង ៥ ម៉ែត្រគូប ៤៤១ ផ្លាន។ ក្នុងករណីនេះសមត្ថកិច្ច្ចមិនចាប់បានអ្នកបើកបររថយន្ដទេ។
ករណីទី៤ កើតឡើងនៅវេលាម៉ោងជាង ៨ យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅចំណុចភូមិត្រុំ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្ដសៀមរាប។ ករណីនេះមានរថយន្ដកាមរីដឹកឈើគ្រញូងចំនួន ២ គ្រឿងបុកគ្នាយ៉ាងពេញទំហឹង ហើយឡានដឹកឈើគ្រញូងមួយគ្រឿងជ្រុលទៅបុកប្រជាពលរដ្ឋ បណ្ដាលឱ្យស្លាប់ចំនួន ២ នាក់។
អ្នកស្លាប់ទាំង២នាក់ ទី១ មានឈ្មោះ ជា ភេទប្រុស អាយុ១៩ឆ្នាំ និងទី២ ឈ្មោះកែវ ពិស ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង ២ រស់នៅភូមិត្រុំ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ។ សមត្ថកិច្ចនិយាយថា រថយន្ដទាំង ២ គ្រឿងដែលបុកមនុស្សស្លាប់ពិតមែនតែ
អ្នកបើកបររត់ចោលឡាន និងឈើគ្រញូង សមត្ថកិច្ចបានដឹកអត្ដសញ្ញាតអស់ហើយ។ ឈើគ្រញូងទាំង ២ ឡានខាងលើមានចំនួន ៣២ ដុំ ស្មើនឹង ៨៣៤ គីឡូក្រាម។
ករណីទី៥ កើតឡើងនៅវេលាម៉ោងជាង ១ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅរង្វង់មូលទីរួមស្រុកក្រឡាញ់ ដោយសមត្ថកិច្ច្ចចាប់បានឡានកាមរីដឹកឈើគ្រញូងចំនួន ២ គ្រឿង និងឃាត់មនុស្សចំនួន ៣ នាក់។ ឈើគ្រញូងទាំង ២ ឡានមានចំនួន ១២៦ ដុំ និង ៥១៥ គីឡូក្រាម ស្មើនឹង ០,៤២៩ ម៉ែត្រគូប។
ដោយឡែកជនទាំង ៣ ដែលត្រូវចាប់ខ្លួនមានឈ្មោះ ទី១ ពៅ ង៉ិ ភេទប្រុស អាយុ៤៨ឆ្នាំ , ទី២ ឈ្មោះ ហេង ម៉ៅ ភេទប្រុសអាយុ២៨ឆ្នាំ និងទី៣ ឈ្មោះ ឈាន សុខា ភេទប្រុស អាយុ២៨ឆ្នាំ។ អ្នកទាំង ៣ ដែលត្រូវចាប់ខ្លួនរស់នៅស្រុកពួកដូចគ្នា។ ជនទាំង
៣ នេះដែរត្រូវបានបញ្ជូនទៅតុលាការ ហើយក៏តុលាការបានចេញដីកាឃុំខ្លួនរួចហើយដែរ កាលពីថ្ងៃទី១៣នោះ៕
ប្រភពពី CEN