រាជធានីភ្នំពេញ ៖ ចោរស្រីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋដែលជាសិស្សសាលានាំគ្នាព័ទ្ធចាប់ប្រគល់ឲ្យ សមត្ថកិច្ច កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងបរិវេណវិទ្យាល័យ
ជា ស៊ីម សន្ធរម៉ុក ខណៈដែលជនសង្ស័យខាងលើកំពុងតែធ្វើសកម្មភាពបន្លំលូកខ្វេះលួចយក ទូរស័ព្ទដៃពីជនរងគ្រោះ ដែលកំពុងតែឈរប្រជ្រៀតគ្នាចាំដកសញ្ញាប័ត្រទុតិយភូមិ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះមានឈ្មោះ អ៊ុក កា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវរថភ្លើង ម្ដុំរោងចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះមានឈ្មោះ សូ យី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យទួលទំពូង ស្នាក់នៅផ្ទះលេខ២១ ផ្លូវ លេខ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានទៅឈរប្រជ្រៀតគ្នាជាមួយសិស្សដទៃទៀត ដើម្បីចាំដកយកសញ្ញាបាក់ឌុបបណ្តោះអាសន្ន ស្រាប់តែភ្លាមៗនោះជនសង្ស័យបានបន្លំខ្លួនធ្វើជាសិស្ស ហើយបានធ្វើសកម្មភាពបន្លំលូកក្នុងកាបូបស្ពាយរបស់ជនរងគ្រោះ លួចយកទូរស័ព្ទដៃម៉ាក Iphone 4 មួយគ្រឿង។ ភ្លាមៗនោះជនរងគ្រោះបានដឹងខ្លួនទាន់ ក៏បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សិស្សដទៃទៀតនាំគ្នាចាប់ខ្លួន ជនសង្ស័យភ្លាមៗប្រគល់យកទៅឲ្យសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការ សាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕
ប្រភពពី .
watphnom-news