ខេត្ដកណ្ដាល ៖ យុវជនម្នាក់ ដែលបានរួមដំណើរ តាមម៉ូតូមួយគ្រឿង ហើយត្រូវរថយន្ត មិនស្គាល់ម៉ាក បើកបុកពីក្រោយបណ្តាលឲ្យ ម៉ូតូដួលបោកក្បាលស្លាប់ កាលពីវេលាម៉ោង ១២និង១៥នាទី រំលងអធ្រាត ឈានចូល
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចចន្លោះគីឡូម៉ែត្រ លេខ២៨-២៩ ស្ថិតក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ត្រូវម្ចាស់ម៉ូតូទុកសពចោល ហើយបើករត់គេចខ្លួន បាត់ស្រមោល។
នៅមុនពេលកើតហេតុ មានបុរសម្នាក់ ដែលបានទៅបូមទឹក ដាក់ស្រូវបានឃើញ ម៉ូតូមួយគ្រឿង បើកបរនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅ លិចដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដ មួយគ្រឿងទៀតដែលពុំស្គាល់ម៉ាក បានបើកបុកម៉ូតូខាងលើ ពីក្រោយមួយទំហឹង បណ្ដាលឱ្យម៉ូតូដួល ។ មួយស្ទុះក្រោយមក គេបានឃើញបុរសម្នាក់ លើកម៉ូតូបញ្ឆេះជិះទៅទិសខាងលិច បាត់ទៅដោយបន្យល់ទុកសពយុវជនម្នាក់ នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតនោះមានឈ្មោះ ហេង ចាន់សុខ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្នុងភូមិព្រៃសំបុក ឃុំ ព្នាយ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានរួមដំណើរតាមម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ។ ឪពុកជនរងគ្រោះឈ្មោះ ថាវ ឡាយ អាយុ៥៧ឆ្នាំ បានមកទទួលសពកូន យកទៅធ្វើបុណ្យ តាមប្រពៃណី៕