អ៊ីស្រាអែល ៖ ស្របពេលដែល លោកខាងលិចដាក់គម្រោង វាយប្រហារទៅលើ ប្រទេសស៊ីរី ក្នុងពេលដ៏ឆាប់នេះ គេសង្កេតឃើញកងទ័ព អ៊ីស្រាអែលបានដំឡើង ប្រព័ន្ធខែលការពារមីស៊ីល រួចហើយ ដើម្បីត្រៀមទប់ទល់
ទៅនឹងការវាយប្រហារណាមួយ ពីកងកម្លាំងរបស់មេដឹកនាំផ្តាច់ការ នៃប្រទេសស៊ីរីលោក អាល់អាសាដ ដែលកំពុងតែក្រពុលមុខ ចំពោះសម្ពាធយោធា របស់លោកខាងលិច។
ការដំឡើងប្រព័ន្ធខែលការពារមីស៊ីលនេះ ធ្វើឡើងស្របពេលដែល ការធ្វើអន្តរាគមន៍យោធា របស់លោកខាងលិចលើប្រទេសស៊ីរី ស្ថិតនៅក្នុងភាពចម្រូងចម្រាស អស់រយៈពេលមួយ សប្ដាហ៍កន្លងទៅនេះ។ បើយោងតាមការអះអាងពី មន្ត្រីយោធាអ៊ីស្រាអែល បានបញ្ជាក់ទៀតថា មានការត្រៀមម៉ាស់ សម្រាប់បង្ការការវាយប្រហារ ដោយអាវុធគីមី និងមានការដំឡើងខែលមីស៊ីល ដើម្បីប្រឆាំងមីស៊ីលរបស់ស៊ីរី បានធ្វើឡើងនៅតំបន់មួយក្បែរក្រុង Tel Aviv ក្នុងគោលបំណង ការពារទុកជាមុនពីការវាយប្រហារ របស់ស៊ីរីមកលើខ្លួនដែលជា សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក។
មន្ត្រីយោធាអ៊ីស្រាអែល ក៏បានបន្ថែមទៀតថា ទោះបីជាមិនទាន់មាន កិច្ចអន្តរាគមន៍យោធាពីលោកខាងលិច មកលើប្រទេសស៊ីរីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែទង្វើដ៏គឃ្លើន របស់លោក អាល់អាសាដនៅពេលកន្លងមក ហាក់បង្ហាញពីការគំរាមកំហែង យ៉ាងពិតប្រាកដ មកលើទឹកដីអ៊ីស្រាអែល។ មកទល់នឹងពេលនេះ ការដាក់ពង្រាយមីស៊ីល របស់អ៊ីស្រាអែល កំពុងធ្វើឡើងបន្តទៀត នៅតំបន់សំខាន់មួយចំនួននៅភាគខាងជើងប្រទេស ដែលគេជឿជាក់ថា អាចត្រូវទទួលរងការវាយប្រហារ ពីគ្រាប់មីស៊ីលរបស់លោកអាល់អាសាដ៕