រាជធានីភ្នំពេញ ៖ មានការប៉ះទង្គិចគ្នាជាថ្មីម្តងទៀតបានកើតឡើងរវាងក្រុមសមត្ថកិច្ច និងក្រុមបាតុករ កាលពីវេលាម៉ោង ៨ និង២៥នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចស្ពានអាកាស ក្បាលថ្នល់
ដែលហេតុការណ៍ប៉ះទង្គិចគ្នាផងដែរ បណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀតរងរបួស។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ការប៉ះទង្គិចគ្នាបានអូសបន្លាយអស់រយៈពេលជាង១ម៉ោង បណ្តាលឲ្យស្ថានភាពនៅកន្លែងកើតហេតុមានសភាពវឹកវររញ៉េរញ៉ៃ ដោយសារតែក្រុមសមត្ថកិច្ច បានបាញ់គ្រាប់បែកផ្សែងអស់ជាច្រើនគ្រាប់ដើម្បីបំបែកក្រុមបាតុករ ចំណែកក្រុមបាតុករក៏បានប្រើប្រាស់ដុំថ្មគប់តបតទៅភាគីក្រុម សមត្ថកិច្ចវិញ។
បើគិតមកដល់ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ នេះស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់វិញហើយ ខណៈដែលប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ នៅតែបន្តប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យដើម្បីធ្វើការ តវ៉ាជាបន្តទៀត៕