នៅថ្ងៃធ្វើមហាបាតុកម្មអហិង្សាដំបូងរបស់គណបក្សសង្គ្រោះ ជាតិ គឺនៅថ្ងៃទី១៥ កញ្ញា នេះដែរ មានអព្ភូតហេតុមួយកើតឡើង គឺមានថ្ងៃបាំងឆត្រពីលើក្រុមបាតុករ ធ្វើឲ្យមេដឹកនាំបក្សសង្គ្រោះជាតិ ដែលកំពុងថ្លែងសារនយោបាយភ្ញាក់ផ្អើល ហើយបានប្រកាសក្នុងជំនឿថា នេះជាសញ្ញាជ័យជម្នះ ព្រោះថា គេកម្រឃើញមានថ្ងៃបាំងឆត្រដូច្នេះណាស់។នៅថ្ងៃធ្វើមហាបាតុកម្មអហិង្សាដំបូងរបស់គណបក្សសង្គ្រោះជាតិ គឺនៅថ្ងៃទី១៥ កញ្ញា នេះដែរ មានអព្ភូតហេតុមួយកើតឡើង គឺមានថ្ងៃបាំងឆត្រពីលើក្រុមបាតុករ ធ្វើឲ្យមេដឹកនាំបក្សសង្គ្រោះជាតិ ដែលកំពុងថ្លែងសារនយោបាយភ្ញាក់ផ្អើល ហើយបានប្រកាសក្នុងជំនឿថា នេះជាសញ្ញាជ័យជម្នះ ព្រោះថា គេកម្រឃើញមានថ្ងៃបាំងឆត្រដូច្នេះណាស់។ ផ្ទុយទៅវិញ អ្នកគាំទ្របក្សសង្គ្រោះជាតិមួយចំនួន ជាពិសេសមនុស្សវ័យចាស់ៗជឿថា នេះជាសញ្ញាមិនល្អចំពោះអនាគតប្រទេសជាតិ ជាពិសេសចំពោះក្រុមគ្រួសារព្រះរាជវង្ស។
ក្រុមបាតុករម្នាក់ៗនាំគ្នាសម្លឹងមើលព្រះអាទិត្យបាំងឆត្រនៅលើ មេឃ ហើយនាំគ្នាស្រែកហោរក្នុងទឹកមុខញញឹមស្ទើរគ្រប់ៗគ្នា ក្នុងពេលមេដឹកនាំបក្សសង្គ្រោះជាតិ ដែលកំពុងឈរត្រៀបត្រានៅលើឆាកប្រកាសថា ព្រះអាទិត្យបាំងឆត្រនេះ មានន័យថា មានបារមី មហិទ្ធិឫទ្ធិ ផ្ដល់ជោគជ័យដល់បក្សសង្គ្រោះជាតិ ដែលកំពុងតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោត។
ក៏ប៉ុន្តែនៅខាងក្រោមឆាកវិញ អ្នកគាំទ្រខ្លះយល់ស្របខ្លះយល់ឃើញថា នេះជាប្រផ្នូលមិនល្អទេចំពោះវាសនាប្រទេសជាតិសព្វថ្ងៃ៖
«ចាស់បុរាណពីដើមតាមម្ដាយឪពុកខ្ញុំថា អ្នកមានបុណ្យ កាលបើយើងមានបញ្ហាអីអ្នកមានបុណ្យងើបមកជួយហើយ»។
ចំណែកអ្នកគាំទ្រដទៃទៀតក៏បានអះអាងថា គេក៏ធ្លាប់ឮដូនតាតំណាលរឿងប្រផ្នូលអំពីព្រះអាទិត្យបាំងឆត្រនេះដែរ។
បាតុករមកពីភ្នំពេញ កញ្ញា ភួង ពីសី បានឆ្លើយថា កាលណាព្រះអាទិត្យបាំងឆត្រ ដែលកញ្ញាហៅថា ព្រះអាទិត្យបាំងខ្លើស នេះកើតឡើង គឺជាប្រផ្នូលមិនល្អចំពោះវាសនាប្រទេសជាតិ៖
«គេថាពេលព្រះអាទិត្យបាំងខ្លើសអ៊ីចឹង ស្ដេចកើតទុក្ខ ពិបាកចិត្ត»។
រឿងរ៉ាវអបិយជំនឿរបស់ប្រជាពលរដ្ឋខ្មែរចំពោះអព្ភូតហេតុធម្មជាតិភ្ជាប់ទៅរឿងនយោបាយនេះ បានកើតឡើងយូរលង់មកហើយ។
សព្វថ្ងៃនេះអបិយជំនឿនេះក៏នៅតែស្ថិតនៅក្នុងបេះដូងខ្មែរ ភាគច្រើនដដែល។ បើទោះបីជាអ្នកវិទ្យាសាស្ត្រនយោបាយសម័យទំនើបបកស្រាយថា រឿងអបិយជំនឿចំពោះអព្ភូតហេតុធម្មជាតិភ្ជាប់ទៅរឿងនយោបាយនេះជា រឿងគួរឲ្យអស់សំណើចនិងហួសសម័យយ៉ាងណាក្ដី។
ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរភាគច្រើនដែលជឿលើអបិយជំនឿនៅតែ ជឿស៊ុបដដែល។ រឿងរ៉ាវជឿលើ បារមីព្រះអាទិត្យបាំងឆត្រលើកជោគវាសនាអនាគតប្រទេសជាតិជារឿង មួយ។ ក៏ប៉ុន្តែជំនឿលើផ្កាយដុះកន្ទុយ គឺជារឿងមួយទៀតដែលប្រជាពលរដ្ឋខ្មែរភាគច្រើននៅជឿស៊ុបនៅ ឡើយ។ជាក់ស្ដែងដូចក្រុមបាតុករដែលកំពុងធ្វើបាតុកម្មនៅទីលាន ប្រជាធិបតេយ្យនេះ អះអាងថា ពួកគាត់បានរំលឹកមេរៀនប្រវត្តិសាស្ត្រខ្លះៗ ដែលបានកើតឡើងកន្លងមក ដែលពួកគាត់ផ្ទាល់បានរស់នៅ ឆ្លងកាត់ស្រាប់ ហើយបានរំលឹកបទពិសោធន៍របស់គាត់ផ្ទាល់ធ្លាប់ឆ្លងកាត់ក្នុង ទសវត្ស១៩៥០ ទសវត្ស១៩៦០ បន្ទាប់មកឆ្នាំ១៩៨០ ជាដើម។
និយាយពីរឿងជំនឿនេះ ធ្វើឲ្យក្រុមបាតុករខ្លះបាននឹកឃើញរឿងប្រវត្តិសាស្ត្រវែង ឆ្ងាយបន្តិចទៅទៀត នោះគឺពួកគាត់បានរំលឹកអំពីរឿងជំនឿលើពុទ្ធទំនាយដែល ប្រជាពលរដ្ឋខ្មែរមានវ័យជាង ៥០ឆ្នាំនៅចងចាំនៅឡើយ។ រឿងពុទ្ធទំនាយនេះបានកើតឡើងក្នុងជំនាន់ទសវត្សឆ្នាំ១៩៦០ ដល់ទសវត្សឆ្នាំ១៩៨០ ក្នុងពេលប្រទេសកម្ពុជា ធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាម។
បាតុករវ័យចំណាស់លោក គីង សំណាង មកពីខេត្តព្រៃវែង កំពុងជ្រកម្លប់ជាមួយក្រុមបាតុករដទៃទៀត ក្បែរទីលានប្រជាធិបតេយ្យរំលឹករឿងអព្ភូតហេតុនេះ។
តែទោះយ៉ាងណា ក៏មានក្រុមបាតុករផ្សេងទៀតបង្ហាញអាកប្បកិរិយាជំទាស់ និងអស់សំណើចនៅពេលឮក្រុមបាតុករនិយាយអំពីរឿងអបិយជំនឿនេះ។ ពួកគាត់យល់ឃើញថា ជារឿងមិនសមហេតុផល ព្រោះថា រឿងព្រះអាទិត្យបាំងឆត្រនៅលើមេឃឯនោះ មិនមានអីទាក់ទងរឿងធ្វើបាតុកម្មនៅលើដីអ្វីទេ។
ត្រឡប់ទៅរឿងជំនឿលើប្រផ្នូលនៃព្រះអាទិត្យបាំងឆត្រវិញ។ នៅពេលដែលសួរថា តើប្រផ្នូលនៃព្រះអាទិត្យបាំងឆត្រនឹងអាចធ្វើឲ្យប្រទេសកើត សង្គ្រាមដូចពេលមុនៗដែរទេ។ ក្រុមបាតុករភាគច្រើនជ្រួញចិញ្ចើម សើចញឹមៗ ខ្លះគ្រវីក្បាលគ្មានចម្លើយ។ ក៏ប៉ុន្តែពួកគាត់បានពោលថា បើនិយាយអំពីជំនឿអំពីប្រផ្នូលថា ព្រះអាទិត្យបាំងឆត្រធ្វើឲ្យព្រះមហាក្សត្រពិបាកចិត្តវាហាក់ដូច ជាគួរឲ្យជឿ ព្រោះថា វាហាក់ដូចជាស៊ីទៅនឹងព្រឹត្តិការណ៍នយោបាយបច្ចុប្បន្ន ព្រោះថា ព្រះមហាក្សត្រអាចពិបាកព្រះហឫទ័យនៅពេលនេះ ព្រោះប្រទេសជាតិមានបញ្ហានយោបាយជាប់គាំង។
ដោយបានលើកជាឧទាហរណ៍ថា កាលពីថ្ងៃទី១៤ កញ្ញា នេះ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានកោះហៅមេដឹកនាំបក្សទាំងពីរ គឺបក្សសង្គ្រោះជាតិ និងបក្សប្រជាជនចូលគាល់ព្រះអង្គក្នុងរាជវាំងដើម្បីដោះស្រាយបញ្ហា នយោបាយជាប់គាំង តែការដោះស្រាយនោះមិនបានសម្រេច។ ដូច្នេះជំនឿដែលថា ព្រះអាទិត្យបាំងឆត្រធ្វើឲ្យព្រះមហាក្សត្រពិបាកចិត្តអាចត្រូវ។ តែត្រង់ប្រផ្នូលថា ប្រទេសកម្ពុជា អាចមានសង្គ្រាម ទំនងដូចជាមិនសម។ មិនសមនោះព្រោះថា គេមិនឃើញមានផ្កាយដុះកន្ទុយដូចសម័យមុនៗ។ ម្យ៉ាងវិញទៀត គឺបក្សសង្គ្រោះជាតិ មិនមានអាវុធតតាំងជាមួយបក្សកាន់អំណាច ចំណែកព្រៃឈើក៏គេកាប់បំផ្លាញអស់ហើយដែរ បើទោះជាបក្សសង្គ្រោះជាតិ ចង់ចូលព្រៃតស៊ូ ដូចជំនាន់ខ្មែរក្រហម ក៏ទៅមិនរួចដែរ ព្រោះព្រៃឈើនៅគ្រប់ទិសទី គេកាប់វាលអស់ហើយ គ្មានព្រៃជ្រកតស៊ូដូចមុនទៀតទេ៕
ប្រភពពី
RFA