ហ្សឺណែវ ៖ បើតាមទីភ្នាក់ងារបរទេសបានឲ្យដឹងថា លោក ចន ឃែរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងលោក ហ្សឺហ្គេ ឡាបរ៉ូប រដ្ឋមន្ត្រីក្រសួងការបរទេស រុស្ស៊ី បានជួបពិភាក្សាគ្នា រយៈពេល ៣ថ្ងៃ
នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ក្រោមប្រធាបទ ស្វែងរកដំណោះស្រាយបញ្ហា អាវុធគីមីនៅស៊ីរី។
នៅក្នុងជំនួបនោះផងដែរ ខាងភាគីមហាអំណាចទាំង២ បានសម្រេចឲ្យប្រទេសស៊ីរី បញ្ជូនរបាយការណ៍លម្អិតពាក់ព័ន្ធនឹង អាវុធគីមីទាំងអស់ ក្នុងរយៈពេល ១ សប្ពាហ៍ដើម្បីឲ្យគណៈកម្មាធិការ ត្រួតអាវុធអន្តរជាតិ ចូលរួមធ្វើការស៊ើបអង្កេតនៅក្នុងប្រទេស ស៊ីរី នាខែវិច្ឆិកា ខាងមុខនេះ ដើម្បីឈានទៅរកការកម្ទេចចោល អាវុធគីមីទាំងអស់ នៅពាក់កណ្តាល ឆ្នាំ២០១៤។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្នុងករណីដែលប្រទេសស៊ីរី នៅតែមិនព្រមអនុវត្តន៍តាមកិច្ចព្រមព្រៀង របស់អង្គការសហប្រជាជាតិ (UN) ទេនោះ ប្រទេស ស៊ីរី ប្រាកដជាប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ឬការទទួលរងប្រតិបត្តិកម្មពីកម្លាំងយោធារបស់អង្គការសហប្រជាជាតិ ។
គួររំលឹកផងដែរថា បញ្ហាអាវុធគីមីនៅក្នុងប្រទេស ស៊ីរី កំពុងក្លាយជាប្រធានបទមួយដ៏ក្តៅ សម្រាប់ពិភពលោក ព្រោះខាងភាគីសហរដ្ឋអាមេរិក ធ្លាប់បានប្រកាសបើកការវាយប្រហារទៅលើប្រទេស ស៊ីរី រួចមកហើយកាលពីពេលថ្មីៗកន្លងទៅនេះ ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយសារតែប្រទេសសម្ព័ន្ធមិត្តមួយចំនួនបានធ្វើការជំទាស់៕