ក្រុម យុវជនដើម្បីសន្តិភាពជាង ១០០នាក់ បានជួបជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ ដើម្បីធ្វើពិធីបួងសួងសុំសុខសន្តិភាពនិងយុត្តិធម៌ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ នេះ។តំណាងក្រុមយុវជន ឈ្មោះ រ័ត្ន ចាន់ដានី អំពាវនាវក្នុងពិធីនោះ ដោយទទូចសុំឲ្យគណបក្សនយោបាយទាំងពីរ
គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតដោយតម្លាភាព យុត្តិធម៌ និងបញ្ជៀសការប្រើអំពើហិង្សារវាងខ្មែរនិងខ្មែរ។
យុវជន រ័ត្ន ចាន់ដានី៖
«យុវជនដើម្បីសន្តិភាពទំាងអស់គ្នា មិនចង់ឃើញខ្មែរយើងបង្ហូរឈាមរវាងខ្មែរនិងខ្មែរដោយសារតែការ ផ្លាស់ប្តូររបបដឹកនាំ របបដូចនោះទៀតឡើយ។ ដូច្នេះអ្វីដែលជាឆន្ទៈរបស់ពួកយើងនោះ គឺឃើញប្រទេសកម្ពុជា មានភាពយុត្តិធម៌និងសុខសន្តិភាពពិតប្រាកដមួយស្របទៅកាន់ឆន្ទៈ របស់ពលរដ្ឋដូចសង្គមប្រជាធិបតេយ្យលើសកលលោក។ ក្នុងន័យនេះ យុវជនដើម្បីសន្តិភាពសូមអំពាវនាវដោយទទួច សូមឲ្យគណបក្សទាំងពីរដោះស្រាយបញ្ហានៃការបោះឆ្នោតប្រកបដោយ តម្លាភាពនិងយុត្តិធម៌»។
គម្រោងរៀបចំពិធីគឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានចល័តទ័ព រថក្រោះ រថពាសដែក និងដាក់បន្លាលួស ក្នុងទីតាំងមួយចំនួនចូលមកក្រុងភ្នំពេញ ដែលគេជឿថាដើម្បីត្រៀមបង្ក្រាបក្រុមបាតុករដែលប្រុងធ្វើ បាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
ពិធីបួងសួងសុំសន្តិភាពរបស់ក្រុមយុវជនលើកដំបូងនេះ ក្រុមយុវជនក៏មានបំណងប្រមូលស្នាមមេដៃប្រមាណជាង ១០០ ដើម្បីដាក់ភ្ជាប់ជាមួយញត្តិទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ ទី២ ខែកញ្ញា ស្នើសុំឲ្យតុលាការដកបទចោទប្រកាន់ទាំងស្រុង ទៅលើយុវជនបួនរូប ក្នុងនោះមានយុវជនដើម្បីសន្តិភាពចំនួន ២នាក់ គឺលោក ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីស ដែលអាជ្ញាធរបានចាប់កាលពីថ្ងៃទី១៥ ខែសីហា ដោយចោទពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្តួលរំលំ រាជរដ្ឋាភិបាល។ យុវជនដើម្បីសន្តិភាពប្រកាសថា ពួកគេនៅប្រកាន់ជំហរសកម្មភាពចែកផ្កាជូនមន្រ្តីកងកម្លាំងប្រដាប់ អាវុធក្នុងន័យសុំសន្តិភាព៕
ប្រភពពី
RFA